(កំពង់ធំ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបន្តធ្វើអំពើល្អ បម្រើ និងខិតខំដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនត្រូវទុកពួកគាត់ចោលនោះទេ។
លោក ងួន ញ៉ិល បានលើកឡើងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តចំប៉ារាម (ហៅវត្តរកាជួរ) នៅឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពិធីនេះក៏មានការចូលរួមប្រជាពរដ្ឋប្រមាណ ២,០០០នាក់។
លោកបណ្ឌិត ងួន ញ៉ិល បានថ្លែងថា សមិទ្ធផលថ្ងៃនេះ បានកើតឡើងដោយសារសុខសន្តិភាព នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយគោលនយោបាយរបស់រដ្ឋាភិបាល បានខិតខំណាស់ដើម្បីបម្រើប្រជាពលរដ្ឋ។
លោកបណ្ឌិត ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបន្តធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋ ដោយមិនត្រូវទុកពួកគាត់ចោលនោះទេ ហើយត្រូវខិតខំដោះស្រាយ បញ្ហាជូនពួកគាត់ឱ្យបានទាន់ពេលវេលាផងដែរ ក្នុងនោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលផ្សេងៗ ដើម្បីជាប្រយោជន៍រួមផងដែរ។
លោកបណ្ឌិត ងួន ញ៉ិល បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស ថែរក្សានូវសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិជាបន្តទៅទៀត។
នៅក្នុងឱកាសនោះលោកបណ្ឌិត ងួន ញ៉ិល ក៏បាននាំបច្ច័យ២០លានរៀល ប្រគេនព្រះគ្រូចៅអធិការវត្ត ដើម្បីរួមចំណែកដោះស្រាយ ការចំណាយនានា ក្នុងការកសាងសមិទ្ធផលនៅក្នុងវត្ត ក្នុងនោះក៏បានប្រគេនព្រះមេគុណខេត្តកំពង់ធំ ទេយ្យទាន១ប្រអប់ បច្ច័យ៤០ម៉ឺនរៀល ប្រគេនព្រះអនុគុណស្រុកសណ្តាន់ ទេយ្យទាន ១ប្រអប់ បច្ច័យ ២០ម៉ឺនរៀល ប្រគេនព្រះចៅអធិការវត្ត ៥អង្គ ក្នុងមួយអង្គទេយ្យទាន១ប្រអប់ បច្ច័យ១០ម៉ឺនរៀល ហើយក៏បាននាំមកជូនលោកយាយ-លោកតា លោកគ្រូ-អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនូវថវិកា និងវត្ថុអនុស្សាវរីយ៍មួយចំនួនផងដែរ៕