(ត្បូងឃ្មុំ)៖ លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញដល់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ត្រូវបន្តការងារឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងនោះ ត្រូវពង្រឹងការអនុវត្តផែនការការងារ ពិសេសការគ្រប់គ្រង ផ្តល់សេវាផ្សេងៗ ដោយផ្តោតលើការព្យាបាល២៤ម៉ោង ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះជំងឺឆ្លងកាចសាហាវ គ្រប់គ្រងសេវាសុខាភិបាលឯកជនជាដើម។

ការជំរុញរបស់លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីបើកសន្និបាត សុខាភិបាលខេត្តត្បូងឃ្មុំ លើកទី៥ ដើម្បីពិនិត្យរួមគ្នាសមិទ្ធិផលឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ ដែលរៀបចំធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០១៩នេះ។

សន្និបាតនេះ មានការចូលពី លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ទីចាត់ការសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូពេទ្យយ៉ាងច្រើនកុះករ។

លោក ម៉ម ប៊ុនហេង បានលើកឡើងថា ទន្ទឹមនឹងលទ្ធផលវិជ្ជមានដែលទទួលបាន យើងត្រូវបន្តខិតខបន្ថែមទៀតបំពេញចំនុចខ្វះខាត ដើម្បីអភិវឌ្ឍន៍គុណភាពវិស័យ សុខាភិបាលទាំងសេវាសាធារណៈ និងសេវាសុខាភិបាលឯកជន លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឲ្យមាននិរន្តរភាព។

ជាមួយគ្នានោះ ត្រូវបង្កើនការយកចិត្តទុកដាក់កែប្រែឥរិយាបទបុគ្គលិកសុខាភិបាលឲ្យសុភាពរាបសារ ឧស្សាព្យាយាមនឹងការងារ ដើម្បីឈានទៅអភិវឌ្ឍន៍គុណភាពសេវាថែទាំ ព្យាបាលជំងឺប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រីសុខាភិបាល។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ចំពោះមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ត្រូវផ្តោតលើនិរន្តរភាព សេវាព្យាបាល២៤ម៉ោង ធានានិរន្តរភាព ឱសថ សម្ភារ បរិក្ខាពេទ្យ ក្នុងមន្ទីពេទ្យ និងជំរុញការប្រើប្រាស់ ឱសថឲ្យសមស្រមតាមមគ្គុទ្ទេសព្យាបាលរបស់ក្រសួង។

លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង បានបន្ថែមថា ត្រូវមានការការពារជំងឺ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ លើជំងឺឆ្លងកាចសាហាវ តាមរយៈការបង្កើនប្រសិទ្ធិភាព នៃការអប់រំសុខភាព ជូនប្រជាជនតាមមូលដ្ឋាន ផ្តល់ថ្នាំបង្ការជំងឺ ឲ្យគ្រប់តាមផែនការកំណត់។

ដោយឡែក ចំពោះការគ្រប់គ្រងសេវាសុខាភិបាលឯកជន ទន្ទឹមនិងការបង្កើនសន្ទុះអនុវត្តច្បាប់ យើងត្រូវផ្តោតការយក ចិត្តទុកដាក់ពង្រឹង និងអភិវឌ្ឍន៍គុណភាពសេវា ឲ្យក្លាយជាដៃគូសំខាន់ ជាមួយសេវាសាធារណៈ ដោយផ្សាភ្ជាប់នូវសីលធម៌ និងមនសិការវិជ្ជាជីវៈសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវធានា និរន្តរភាពនៃសកម្មភាពលុបបំបាត់ឱសថក្លែងក្លាយ សេវាសុខាភិបាលខុសច្បាប់ តាមរយៈលើកផែនការអនុវត្តយុទ្ធនាការលុប បំបាត់ឲ្យមានប្រសិទ្ធិភាពតាមប្រកាសរួម ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ កន្លងទៅ។ ជាងនេះទៅទៀត ត្រូវធានាឲ្យបាននូវវិន័យការងារ ដោយធ្វើការ បែងចែកឲ្យច្បាស់រវាង ពេលវេលាបំពេញការងាររដ្ឋ និងឯកជន។

បើតាមរបាយការណ៍របស់លោក កែវ វណ្ណៈ ប្រធានមន្ទីសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយអនុវត្តតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងដោយមានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិបានផ្តល់លទ្ធភាព ឲ្យមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងមូលដ្ឋានក្រោមឱវាទទាំងអស់ អាចសម្រេចបានស្នាដៃគួរជាទីមោទនៈស្របតាមទស្សនៈវិស័យ ការអភិវឌ្ឍន៍វិស័យសុខាភិបាល ក្នុងរយៈពេលយូអង្វែង ដោយទួលខុសត្រូវលើសុខភាពសាធារណក្នុងខេត្ត គ្រប់គ្រងលើសេវាឯកជន ទាំងផ្នែកវិជ្ជសាស្ត្រ ផ្នែកឱសថ និងអមវេជ្ជសាស្រ្ត លើកកម្ពស់ថែ ទាំសុខភាពមាតា និងទារក។

លោក កែវ វណ្ណៈ បានបន្ថែមថា ធានាការផ្តល់សេវាថែទាំវេជ្ជសាស្រ្តប្រកបដោយគុណភាព សមធម៌សមស្រប និងតម្លាភាព ក្នុងការផ្តល់សេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋក្នុងខេត្តដែលរួមមាន សេវាបង្ការ សេវាព្យាបាល និងការអបរំសុខភាពជាទូទៅ មានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំមុន ទន្ទឹមនិងនោះក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យដោះស្រាយ និងខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ពេលវេលាបន្ត៕