(រតនគីរី)៖ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាពលរដ្ឋនៅភូមិឡំថ្មី ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ដោយការចូលរួមពី អាជ្ញាធរមូលដ្ឋាន ស្នងការនគរបាលខេត្ត តំណាងប្រតិបត្តិករបោសសម្អាតមីន MAG&NPA ព្រមទាំងប្រជាពលរដ្ឋចូលរួមប្រហែល១០០០នាក់។
ទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានពាំនាំនូវការនឹករលឹក និងផ្តាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយ ហើយទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែងតែមានការព្រួយបារម្ភណ៍យ៉ាងខ្លាំង និងមិនចង់ឃើញប្រជាពលរដ្ឋ ណាម្នាក់ទទួលរងគ្រោះថ្នាក់ ដូចជាស្លាប់ របួស ធ្លាក់ខ្លួនពិការ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលជាឃាតករលាក់មុខដ៏កាចសាហាវបំផុតឡើយ។
ជាងនោះទៅទៀត ទេសរដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា បំណងធំបំផុតរបស់សម្តេចទាំងទ្វេរ គឺចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសេដ្ឋកិច្ចគ្រួសារល្អប្រសើរ មានសុខភាពល្អបរិបូណ៍ អាយុវែង និងរស់នៅមានសុភមង្គល់ក្នុងក្រុមគ្រួសារ ក្រោមដំបូលសុខសន្តិភាព ស្ថេរភាពនយោបាន បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំមកនូវសន្តិភាពពេញបរិបូណ៍ជូនជាតិមាតុភូមិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី (យុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី)។
ទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានតឹងរឹងបំផុត និងសំណូមពរប្រជាពលរដ្ឋនិងគ្រួសារនីមួយៗ ត្រូវចេះអប់រំណែនាំគ្នា កុំឲ្យប៉ះពាល់ លាក់ទុក ឬកែច្នៃមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់គ្រប់ពេលវេលា និងជាទង្វើរខុសច្បាប់ ហើយត្រូវរាយការណ៍មក សមត្ថកិច្ចពាក់ព័ន្ធដូចជាមេភូមិ មេឃុំ នគរបាល ឬប្រតិបត្តិករបោសសម្អាតមីន និងគ្រាប់ដែលនៅជិតបំផុត ដើម្បីមានវិធានការប្រមូលយកទៅកម្ទេចចោល៕