(ភ្នំពេញ)៖ ក្រុមហ៊ុនអារីហ្សូនគ្រុប​ ទទួលបានពាំនាំពានរង្វាន់ ក្នុងកម្មវិធីពានរង្វាន់ជាក្រុមហ៊ុនឆ្នើម ពីស្ថាប័នអចលនទ្រព្យអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ដែលជាកម្មវិធីប្រកួតប្រជែងលំដាក់ថា្នក់អាស៊ាន ដែលមានប្រទេសជាសមាជិកទាំង១០ នៅអាស៊ាន បានចូលរួមប្រកួតប្រជែងផងដែរ។

ក្នុងពិធីវិលត្រឡប់មកវិញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ដែលជាអគ្គនាយក នៃក្រុមហ៊ុនអារីហ្សូនគ្រុប បានបញ្ជាក់ឲ្យដឹងថា​ សម្រាប់ការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះដែរ លោកមិនបាននឹកស្មានថាទទួលបានពានរង្វាន់ដូចនេះឡើយ ហើយនៅពេលដែល ការប្រកាសលទ្ធផលភ្លាម គឺមានអ្នកចូលរួមជាច្រើនប្រមាណជាង១ពាន់នាក់ បានភ្ញាក់ផ្អើលដែលប្រទេសកម្ពុជា បានជាប់ និងទទួលពានរង្វាន់នៅក្នុងកម្មវិធីនេះផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «មូលហេតុដែលគណៈកម្មការវិនិច្ឆ័យជ្រើសរើស យកក្រុមហ៊ុនអារីហ្សូនគ្រុបរបស់យើង គឺដោយសារតែក្រុមហ៊ុនអារីហ្សូនគ្រុប របស់កម្ពុជាតែមួយគត់ ដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងវិស័យអចលនទ្រព្យ ពោលគឺជាភ្នាក់ងារលក់ ទិញ និងជួលអចលនទ្រព្យនេះយ៉ាងសកម្ម ដែលបានបើកដំណើរការជា ២២ឆ្នាំនៅកម្ពុជាផងដែរ»

លោកបន្តថា «បើយើងប្រៀបធៀបនៅក្នុងរដ្ឋសមាជិកអាស៊ាន គឺយើងឃើញថា ប្រទេសម៉ាឡេស៊ី និងកម្ពុជា ចំពោះវិស័យអចលនទ្រព្យនេះ គឺមានការអភិវឌ្ឍខ្លាំងមែន នៅក្នុងតំបន់អាស៊ាន។ ដោយឡែកចំពោះកម្ពុជាយើង គឺសកម្មភាពនៃការអភិវឌ្ឍអចលនទ្រព្យនេះ ទាំងលំនៅដ្ឋានធម្មតា, ឬក៏ខុនដូរ, មជ្ឈមណ្ឌលពាណិជ្ជកម្ម, តំបន់សេដ្ឋកិច្ចពិសេស, សួនឧស្សាហកម្ម, និងវិស័យផ្សេងៗជាច្រើនទៀត គឺមានការអភិវឌ្ឍគួរឲ្យភ្ញាក់ផ្អើល»

លោកបានបន្តទៀតថា ក្រុមហ៊ុនអារីហ្សូនគ្រុប គឺជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលបានទទួលបានពានរង្វាន់ ជាក្រុមហ៊ុនឆ្នើមពីស្ថាប័នអចលនទ្រព្យអាស៊ាន។ ចំពោះកម្មវិធីនោះដែរ ក៏មានការចូលរួមជាអធិបតីពីលោកស្រី រដ្ឋមន្ត្រីក្រសួងគេហដ្ឋាន និងរដ្ឋបាលមូលដ្ឋានរបស់ប្រទេសម៉ាឡេស៊ី និងបណ្ដាលស្ថានទូតនានាជាច្រើននៅក្នុងអាស៊ានផងដែរ៕