(ភ្នំពេញ)៖ ឧបាសិកា ជា ឃុនប៉ិច និង ឧបាសិកា ឡេង ខេង ហៅយាយម្លូពោធិ៍សាត់ បានយកគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ក្នុងការបំពេញបន្ថែមនូវរបបហូបចុក ប្រចាំថ្ងៃរបស់សមាជិកអាវុធហត្ថរាជធានីភ្នំពេញផង និងផ្ញើជាទានចែកជូនបន្ត ទៅដល់ជនទីទាល់ក្រ និងចាស់ជរាទុរគតដ៏ទៃទៀតផង ដូចដែលលោក រ័ត្ន ស្រ៊ាង ធ្លាប់បានឧបត្ថម្ភជារៀងរាល់ខែ ចំនួន២១គ្រួសារកន្លងមក។
គ្រឿងឧបភោគបរិភោគ ដែលឧបាសិកាទាំងពីររូបរួមគ្នា យកមកប្រគល់ជូនលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមមាន៖ អង្ករ០៣តោន, មី១២០កេស, ទឹកស៊ីវអ៊ីវ១៣០យូរ, អំបិលអ៊ីយ៉ូដ១២០គីឡូក្រាម, ទឹកសុទ្ធ១២០កេស, សាច់ក្រក១០គីឡូក្រាម, ត្រីកន្ធរប្រឡាក់ និងត្រីប្រម៉ា៣០គីឡូក្រាម។
នេះគឺជាលើកទី៤ ហើយសម្រាប់ ឧបាសិកា ជា ឃុនប៉ិច ដែលខិតខំប្តូរផ្តាច់ចិត្តនាំយកគ្រឿងឧបភោគបរិភោគ មកប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយកន្លងមកឧបាសិកា ជា ឃុនប៉ិច ច្រើនឲ្យកូនប្រុសឈ្មោះ លឹម យូ យកមកប្រគល់ជូនប៉ុណ្ណោះ ក៏ព្រោះតែឧបាសិកាមានសុខភាពទន់ខ្សោយ មិនអាចធ្វើដំណើរបាន តែលើកនេះឧបាសិកា ជា ឃុនប៉ិច បានរួមជាមួយ ឧបាសិកា ឡេង ខេង នាំយកអំណោយមកដោយផ្ទាល់ប្រកបដោយទឹកចិត្តជ្រះថ្លា និងសប្បាយរីករាយបំផុត។
បន្ទាប់ពីបានប្រគល់អំណោយ ជូនលោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញរួចមក ម្ចាស់អំណោយក៏បានជ្រះថ្លា ដើរទស្សនាសមិទ្ធិផលនានា ក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការកោតសរសើរក្រៃលែង។
គ្រួសារទីទាល់ក្រ និងចាស់ជរាទុរគត់ ចំនួន២១គ្រួសារ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននិងកំពុងឧបត្ថម្ភ ជាប្រចាំរៀងរាល់ខែជាបន្តបន្ទាប់ មិនដែលមានខានតាំងពីឆ្នាំ២០១០មក។
ក្រៅពីគ្រួសារទាំង២១នេះ នៅមានសមាជិកអាវុធហត្ថរាប់រយនាក់ ក៏ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភជីវភាពជារៀងរាល់ខែ ទំនុកបម្រុងការរៀនសូត្រ និងផ្តួចផ្តើមទំនុកបម្រុងមុខរបរដល់គ្រួសារ អាវុធហត្ថមួយចំនួនតាមស្ថានភាពជាក់ស្តែង ក៏ដូចជាបានផ្តល់សម្ភារសិក្សា ថវិកា កង់ ដល់សិស្សក្រីក្រ រាប់រយនាក់ ក៏ដូចជាឧបត្ថម្ភសម្ភារថវិកា និងនាំទៅព្យាបាលនៅមន្ទីរពេទ្យ តាមការជាក់ស្តែងជូនដល់ពលរដ្ឋទីទាល់ក្រ រាប់រយនាក់ផ្សេងទៀតជាញឹកញាប់។
ក្នុងនោះក៏មានស្ដ្រីឈ្មោះ ស៊ុន សុខុម នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ស្ត្រីមេម៉ាយ និងធ្លាប់ងងឹតភ្នែកទាំងសងខាងច្រើនឆ្នាំ) ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនទៅវះកាត់ព្យាបាលភ្នែកទាំងសងខាងរហូតបានមើលឃើញវិញ និងបានឧបត្ថម្ភអង្ករ០២ការ៉ុង និងថវិកា២០ម៉ឺនរៀល រៀងរាល់ខែ អស់រយៈពេល១ឆ្នាំ រហូតគាត់មានគ្រួសារថ្មីមកមើលថែ។ ដោយឡែក លោកតា អ៊ឹម ប្លែក នៅភូមិអង្គាបុស្ស សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ធ្លាប់ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភអង្ករ១ការ៉ុង ថវិកា១០ម៉ឺនរៀល រៀងរាល់ខែ និងបន្ថែមទឹកត្រីទឹកស៊ីអ៊ីវ អស់រយៈពេល៧ឆ្នាំ រហូតលោកតាទទួលអនិច្ចកម្ម។
ដោយបានមើលឃើញពីសកម្មភាពមនុស្សធម៌របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជួយដល់ពលរដ្ឋទីទាល់ក្រ ជនពិកា ចាស់ជរាទុរគត់ សិស្សានុសិស្ស ក៏ដូចជាមន្ត្រីក្រោមឱវាទជាច្រើននាក់ច្រើនឆ្នាំ ដូច្នេះហើយទើបម្ចាស់ទានដែលជាអ្នកសប្បុរសមានសទ្ធាជ្រះថ្លា បាននាំយកគ្រឿងឧបភោគបរិភោគ មកប្រគល់ ជូនជាបន្តបន្ទាប់ ទុកជាទានចែកជូនបន្តដល់គ្រួសារទីទាល់ក្រទាំងឡាយ ដើម្បីចម្លងបុណ្យ ឲ្យបានដល់សាម៉ីម្ចាស់ទានវិញផងដែរ៕