(ភ្នំពេញ)៖ ផ្សារច្រាំងចំរេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិខ១ និងភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដែលគេតែងតែសង្កេតឃើញ ក្រុមអាជីវករលក់ដូរគ្រប់ប្រភេទ បានយកចំណីចិញ្ចើមផ្លូវមកប្រើប្រាស់ដាក់តាំងលក់ដូរទំនិញគ្រប់ប្រភេទ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងការកកស្ទះ ចរាចរជាញឹកញាប់ ឃើញថាមានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីមានកិច្ចសហការល្អពីអ្នកពាក់ព័ន្ធ ក្នុងពេលកម្លាំងប្រជាការពារខណ្ឌ-សង្កាត់ ចុះរៀបចំឲ្យមានរបៀបរៀបរយ ក្រោមការដឹកនាំបញ្ជាដោយលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។
យ៉ាងណាក៏ដោយ នៅក្នុងយុទ្ធនាការអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបររយ ដើម្បីរំដោះចំណីចិញ្ចើមផ្លូវសាធារណៈនេះ ក្រុមអាជីវករមួយចំនួន នៅតែរឹងទទឹង មិនសហការណ៍គោរពតាមការណែនាំរបស់រដ្ឋបាលខណ្ឌ និងសង្កាត់ឡើយ ដែលជាហេតុធ្វើឲ្យមានការសម្រេចបង្ខំចិត្ត អនុវត្តច្បាប់ជាធរមាន ក្នុងការដកហូតសម្ភារនានាមករក្សាទុក ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ឡើយ។ នេះបើតាមការលើកឡើង នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដោយលោក ជា ពិសី។
លោក ជា ពិសី បានសង្កត់ធ្ងន់ទៀតថា នៅក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈនេះ ក្នុងនាមរដ្ឋបាលខណ្ឌ-សង្កាត់ គឺបានអនុវត្តឡើងជាប្រចាំ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ តាមផែនការអនុវត្តប្រចាំសប្តាហ៍ ចំពោះក្រុមអាជីវករ ដែលដាក់តាំងលក់លើចឹញ្ចើមផ្លូវទាំងអស់ ត្រូវថយឲ្យបានផុត ១ភាគ៣ ពីចិញ្ចើមផ្លូវ និងអាជីវករដែលតាំងលក់តាមចិញ្ចើមផ្លូវទល់មុខផ្សារត្រូវថយឲ្យផុតពីចិញ្ចើមផ្លូវរហូតដល់ខ្នងលូ ហាមដាច់ខាតមិនត្រូវយកចិញ្ចើម ចំណីផ្លូវសាធារណៈមកប្រើប្រាស់ប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនទាំងបំពានឡើយ បើក្នុងករណីនៅតែមិនគោរពច្បាប់ ច្បាស់ណាស់នឹងមានវិធានការក្ដៅ តាមបែបបទរដ្ឋបាល ដើម្បីចាប់ដកហូតសម្ភារទាំងឡាយ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ឡើយ៕