(ភ្នំពេញ)៖ អ្នកវិនិយោគជប៉ុន បានជំរុញឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិបោះទុនវិនិយោគ លើគម្រោងរីហ្សតលំដាប់ផ្កាយ៥ដ៏ប្រណិត នៅលើទឹកដីខេត្តកំពត ដើម្បីចូលរួមទាក់ទាញវិស័យទេសចរ នៅខេត្តនេះ ឲ្យកាន់តែច្រើនថែមទៀត។
ការលើកឡើងរបស់លោក Taihei Yamada ស្ថាបនិកក្រុមហ៊ុន Amber International Holdings បានធ្វើឡើងនៅក្នុងពិធីប្រកាសបើកលក់ គម្រោងរីហ្សតលំដាប់ផ្កាយ៥ដ៏ប្រណិត នៅលើទឹកដីខេត្តកំពត នៅសណ្ឋាគារ THE PLANTATION HOTEL នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកវិកវិនិយោគិនជាតិ និងអន្តរជាតិ ប្រមាណជិត២០០នាក់ នាពេលថ្មីៗនេះ។
គម្រោងរីហ្សតនេះ មានឈ្មោះថា Amber Kampot ដែលមានក្រុមហ៊ុន Amber International Holdings ជាក្រុមហ៊ុនអភិវឌ្ឍន៍បដិសណ្ឋារកិច្ចអន្តរជាតិ ដែលម្ចាស់គម្រោង គឺជាជនជាតិជប៉ុន។
Amber Kampot នឹងក្លាយជារមណីយដ្ឋានដំបូងមួយ នៅខេត្តកំពត ដើម្បីជួយបំពេញតាមតម្រូវការ ដែលមិនទាន់ទទួលបាន នាពេលបច្ចុប្បន្ន ហើយក៏ជាកន្លែងប្រមូលផ្តុំសំរាកលំហែកាយ និងជាលក្ខណៈផ្សេងព្រេង បំពេញក្តីសុបិន្តរបស់ភ្ញៀវទេសចរ ដែលអាចស្នាក់នៅក្នុងរីហ្សត ដែលមានបរិយាកាសលំដាប់សណ្ឋាគារផ្កាយប្រាំ ដោយរចនាម៉ូដទំនើប និងមានសេវាកម្ម ដោយយកចិត្តទុកដាក់។
លោក Taihei Yamada ស្ថាបនិកក្រុមហ៊ុន Amber International Holdings បានថ្លែងថា គម្រោងរីហ្សូតដ៏ប្រណិតនេះ បានចាប់ផ្តើមបុកគ្រឹះសាងសង់កាលពីសប្តាហ៍មុន ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅត្រីមាសទី ២ ឆ្នាំ២០២០ ខាងមុខនេះ ដែលមានបឹងកាឡូចំនួន៣៥បន្ទប់ និងមានកន្លែងហាត់ប្រាណ កំពង់ផែសម្រាប់ភ្ញៀវ ភោជនីដ្ឋាន និងហាងហែលទឹកដ៏ធំលំដាប់អន្តរជាតិ។
លោក Taihei Yamada សង្ឃឹមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បន្ទប់នឹងកើនឡើង២០០បន្ទប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ ដែលមកវិនិយោគ និងកំសាន្ត នៅខេត្តកំពត។
លោកបានបន្តថា ដោយឡែកនៅក្នុងបន្ទប់នីមួយៗ ធំទូលាយ និងមានកូនហាងហែលទឹកសម្រាប់ភ្ញៀវហែលលេងកំសាន្តយ៉ាងសប្បាយរីករាយ និងអាចមើលធម្មជាតិ ដែលមានទេសភាពដ៏ស្រស់ត្រកាល ដែលនៅជុំវិញរីហ្សត និងសំណង់អគារបុរាណ ដែលសល់ពីជំនាន់អាណានិគមបារាំង ពិសេសសម្រស់នៅតំបន់ភ្នំ។
លោកបានបន្ថែមទៀតថា អ្នកវិនិយោគអាចចាប់យកគម្រោងនេះ ធ្វើការវិនិយោគ ដើម្បីទទួលបានប្រាក់ចំណេញ និងបានផលចំណេញមកវិញយ៉ាងច្រើន តាមរយៈការជួលពីអ្នកវិនិយោគបរទេស និងភ្ញៀវទេសចរលំដាប់ខ្ពស់ៗ ដែលទៅលេងនៅលើទឹកដីខេត្តកំពត។
បើយោងតាមការព្យាករណ៍ផ្នែកវិស័យទេសចរណ៍កម្ពុជា បានឲ្យដឹងថា ខេត្តកំពតត្រូវបាន គេរំពឹងថា នៅឆ្នាំ២០១៩ នឹងនាំភ្ញៀវទេសចរចំនួន១.៩លាននាក់ និងប្រាក់ចំណូលចំនួន១៣លានដុល្លារ អាមេរិក ខណៈដែលកំពង់ផែកំពត ត្រូវបានគេរំពឹងថា នឹងនាំភ្ញៀវទេសចរចំនួន៤៤២,០០០នាក់បន្ថែមទៀត នៅត្រឹមឆ្នាំ២០២២ខាងមុខ។
លោក ជាវ តាយ អភិបាលខេត្តកំពត ដែលបានចូលរួមនៅក្នុងពិធីបើកលក់គម្រោងនោះ ក៏បានអំពាវនាវដល់អ្នកវិនិយោគិនជាតិ និងអន្តរជាតិ ចូលរួមវិនិយោគគម្រោងនេះ ព្រោះថា ខេត្តកំពត នៅមានសក្តានុពលជាច្រើនទៀត ក្នុងការវិនិយោគពិសេសលើវិស័យទេសចរជាដើម៕