(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១គ្រួសារ ដែលរងគ្រោះអគ្គិភ័យឆាបឆេះ កាលពីម្សិលមិញអស់៤៨ ខ្នងផ្ទះ ស្មើនឹង៥១គ្រួសារ ស្ថិតក្រុម៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលជួបបញ្ហារងគ្រោះអគ្គិភ័យ។ បន្ទាប់មកលោកប្រធានសាខារាជធានីភ្នំពេញ បានសម្តែងក្តីអាណិតអាសូរ និងសោកស្តាយខ្លាំងបំផុត ចំពោះគ្រួសារចំនួន៥១គ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៏ដូចទ្រព្យសម្បត្តិ ត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបានដើម្បីបន្តជីវភាព និងខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពឱ្យកាន់តែប្រសើរឡើងជាងនេះទៀត។
លោកប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៏ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសារទាំង៥១ គ្រួសារ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៏ដូចទុកសម្រាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀតក្នុងនោះដែរ លោកប្រធាន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើងការពារកុំឱ្យមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា «ស៊ូលិចទឹកកណ្តាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ»។
លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ទាំងមូលឱ្យមានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាអគ្គិភ័យ ដោយសារតែចូលមកដល់ខែមីនានេះអាកាសធាតុក្តៅខ្លាំង ហើយវាងាយនឹងប្រឈមនូវអគ្គិភ័យកើតឡើងដោយប្រការណាមួយប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនបានប្រុងប្រយ័ត្នខ្ពស់ទេនោះ។
គួរបញ្ជាក់ថា អំណោយមនុស្សធម៌សាខាផ្តលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៥១គ្រួសាររួមមាន៖ អង្ករ១បាវ៣០គីឡូ, មី១កេស, ត្រីខ១០កំប៉ុង, ទឹកដោះគោ៥កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ទឹកសុទ្ធ ១កេស, ស្ករស១គីឡូក្រាម, ទឹកក្រូច១០កំប៉ុង, តែ៥កញ្ចប់, តង់១, ឆ្នាំងបាយ១, ធុងទឹកកក១, រួមទាំងថវិកាក្នុង១គ្រួសារ៥០,០០០រៀលផងដែរ៕