(ស្វាយរៀង)៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និងប្រុសស្រី១៥នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូជិះបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បុកជាមួយរថយន្តទេសចរណ៍១គ្រឿង ដែលដឹកភ្ញៀវបើកស្របទិសគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកភូមិនាំគ្នាជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ដឹកមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង និងទៅប្រទេសវៀតណាម។
ហេតុការណ៍នេះបានកើតឡើងកាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២៖៣០នាទីរសៀល លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៦-១៥៧ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឲ្យដឹងថា អ្នកជិះម៉ូតូបង្កហេតុដែលស្លាប់មានឈ្មោះ អន ភៀន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ និងអ្នករួមដំណើររបួសធ្ងន់ស្រាលមានឈ្មោះ ស្រី ទិត្យ ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ និងឈ្មោះ រិទ្ធិ យ៉ា ភេទប្រុស អាយុ៧ឆ្នាំ។ អ្នកទាំង៣រស់នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ខណៈម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1F-3883 ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើកបររថយន្តទេសចរណ៍ ដែលរងរបួសធ្ងន់មានឈ្មោះ ង្វៀង ផាន់យ៉ឹង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្តមានទីលំនៅប្រទេសវៀតណាម ខណៈភ្ញៀវប្រុសស្រី ដែលជិះក្នុងរថយន្ត១២នាក់ មានជនជាតិចិនជនជាតិខ្មែរ និងវៀតណាម ដោយរងរបួសធ្ងន់ម្នាក់ ប៉ុន្តែមិនបណ្ដាលអោយរងគ្រោះដល់ជីវិតនោះទេ។
បើតាមសាក្សី បានឲ្យដឹងថាមុនកើតហេតុគេឃើញមានម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ ក្នងទិសដៅពីលិចទៅកើតលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៦-១៥៧ ខណៈនោះក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នមើលក្រោយ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក SAMCO ពណ៌ក្រហម ពាក់ស្លាកលខ 53N-9251ជាប្រភេទទេសចរណ៍ ផ្ទុកភ្ញៀវពេញបើកក្នុងទិសដៅស្របគ្នាចាប់ហ្វ្រាំងមិនទាន់ ក៏បុកផ្ទប់យ៉ាងពេញទំហឹង លាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។ ក្រោយមកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានសមត្ថកិច្ចមូលដ្ឋាន បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងបានបញ្ជួនបន្តទៅព្យាបាលប្រទេសវៀតណាមផងដែរ។
រីឯវត្ថុតាងមធ្យោបាយម៉ូតូ និងរថយន្តទាំង២គ្រឿង ត្រូវបានវាស់វែង និងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការបន្តតាមច្បាប់៕