(សៀមរាប)៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តសៀមរាប បានបើកសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់លោក ទៀ សីហា អភិបាលខេត្ត និងលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អគ្គនាយកអាជ្ញាធរជាតិអប្សរា ស្នងការនគរបាល មេបញ្ជាការរាជអាវុធហត្ថ ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ កម្លាំងសមត្ថកិច្ច និងមន្ត្រីរាជការ សរុបចំនួន ៥២៨នាក់។

លោក ទៀ សីហា បានថ្លែងថា នៅពេលខាងមុខនេះ នៅតាមតំបន់មួយចំនួនក្នុងខេត្ត នឹងរងនូវការខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះទាំងអាជ្ញាធរ មន្ទីរ អង្គភាព សមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈបង្កា ក្នុងការចុះជួយអន្តរាគមន៍ ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

អភិបាលខេត្តសៀមរាប ក៏បានសង្កត់ធ្ងន់លើការលុបបំបាត់ការធ្វើចរាចរណ៍គ្រឿងញៀននៅក្នុងខេត្ត កត្តាសំខាន់គ្រប់សមត្ថកិច្ច ថ្នាក់ដឹកនាំទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីករណីគ្រឿងញៀន រួមគ្នាទប់ស្កាត់ បង្រ្កាបឲ្យខាងតែបានចំពោះករណីនេះ។ លោកបានស្នើសុំឲ្យអង្គសន្និបាតទាំងមូល រកឲ្យឃើញនូវធាតុចូលបន្ថែម ដោយផ្តោតលើការងារអភិវឌ្ឍទីក្រុង និងទីប្រជុំជនស្រុក និងការដោះស្រាយរាល់បញ្ហាដែលសេសសល់, ការគ្រប់គ្រងធនធានធម្មជាតិ និងវិធានការទប់ស្កាត់, ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការអនុវត្តគោលនយោបាយកំណែទម្រង់នៅថ្នាក់ក្រោមជាតិ និងការផ្តល់សេវាសាធារណៈ។

លោក ទៀ សីហា បានគូសបញ្ជាក់ថា ការប្រារព្ធបើកអង្គសន្និបាតរបស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត សម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែ​ទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយ​យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ម៉្យាងទៀត ដើមី្បទាក់ទាញយកនូវការ​សន្និដ្ឋានមួយ ប្រកបដោយចក្ខុវិស័យ និងទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះក្នុងការអនុវត្តសិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាព​ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំនូវផែនការ យុទ្ធសាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ។

លោកអភិបាល បានលើកឡើងនូវគំនិតនៃការរីក​ចម្រើន ក្នុងការអភិវឌ្ឍ និងការអភិរក្សនូវខេត្តប្រវត្តិសាស្រ្តវប្បធម៌ ដែលបានកំពុងទាក់ទាញនូវអារម្មណ៍នៃភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅតាមតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ និងជាគោលដៅនៃភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តទៀតផង។

លោកក៏បានផ្តាំផ្ញើដល់សមាជិកអង្គសន្និបាតទាំងមូល ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខទេសចរណ៍ និងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកពីការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌជាដើម។

ក្នុងបរិការណ៍នេះ សន្និបាតខេត្តបានក្លាយជាយន្តការដ៏មានសារៈសំខាន់ ដោយផ្តល់នូវកាលានុវត្តភាព ដល់គ្រប់ប្រតិបត្តិករក្នុងវិស័យសាធារណៈ និងឯកជន ព្រមទាំងតួអង្គពាក់ព័ន្ធ ដើមី្បប្រមូលផ្តុំនូវទស្សនៈ បញ្ញាញាណ តាមរយៈនៃកិច្ចពិភាក្សារបស់អង្គសន្និបាត ក្នុងការស្វែងរកធាតុចូលជាគន្លឹះ សំខាន់ៗនូវបទពិសោធន៍ បញ្ហាប្រឈម និង ការដោះស្រាយ ឬអនុសាសន៍សម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកែលម្អ ទាំងគោលការណ៍និងការអនុវត្តជាដើម៕