(កំពង់ធំ)៖ អំណោយជាថវិកា និងសម្ភារប្រើប្រាស់ជាច្រើនទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានយកទៅប្រគល់ ជូនបងប្អូនអតីតយុទ្ធជនពិការ ដែលមានជីវភាពលំបាកខ្វះខាត នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩មិ្សលមិញ។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការី អញ្ជើញទៅប្រគល់ផ្ទះថ្មី០១ខ្នង ប្រគល់ជូនអតីតយុទ្ធជនពិការឈ្មោះ ជ័យ ចយ អាយុ៤៦ឆ្នាំ ចូលបម្រើកងទ័ពនៅ១៩៨៦ ធ្លាក់ខ្លួនរបួសពិការក្នុងសមរភូមិនាសម័យសង្គ្រាមនៅឆ្នាំ១៩៨៩។

បច្ចុប្បន្នលោក ជ័យ ចយ មានភរិយាឈ្មោះ ឡុង សំអ៊ីន អាយុ៤៥ឆ្នាំ មានកូនចំនួន០៤នាក់ ស្លាប់០២នាក់ រស់០២នាក់ ក្នុងបន្ទុក ហើយរស់នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ផ្ទះថ្មីនេះជាខ្នង​ទី១១៤ ដែល​មាន​ទំហំ​ ៤ម៉ែត្រ គុណ៦ម៉ែត្រ សាងសង់​ពីឈើ​ ជញ្ជាំងនិងរនាបក្តារ ដំបូល​ប្រក់​ស័ង្កសី​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​៦,៩៨៥,០០០​រៀល​។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានលើកឡើងពីអត្ថប្រយោជន៍ របស់អតីតយុទ្ធជន ដែលត្រូវទទួលបានពីសមាគមអតីតយុទ្ធជនជាច្រើនផងដែរ។

ក្នុងឱកាសនោះដែរលោក និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានយកអំណោយសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា រួមមាន៖ អង្ករចំនួន៥០គីឡូក្រាម, មីយើងចំនួន​០២កេស, ទឹក​ត្រី​ទឹក​ស៊ីអ៊ីវចំនួន០២យួរ និង​ថវិកា​ចំនួន​២០០,០០០​រៀលផងដែរ។

អាជ្ញាធរ ប្រជាពលរដ្ឋ និងក្រុមគ្រួសារ អតីតយុទ្ធជន ពិតជាមានសេចក្តីរំភើបរីករាយឥតឧបមាដោយសម្តេចប្រគល់ផ្ទះថ្មី០១ខ្នង ដល់រូបគាត់ និងសូមគោរពជូនពរសម្តេចតេជោ និងសម្តេចគិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕