(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹក១៨ ខែមីនា ឆ្នាំ២០១៩នេះ បានចុះទៅពិនិត្យទីតាំងបើកកាដ្ឋានសាងសង់ផ្លូវល្បឿងលឿនដំបូងគេនៅកម្ពុជា។ ទីតាំងដែលនឹងប្រារព្ធពិធីបើកការដ្ឋាននេះ នឹងធ្វើឡើងនៅឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចន្លោះគីឡូម៉ែត្រ៣៩ ផ្លូវជាតិលេខ៤ ។
ដំណើរចុះទៅពិនិត្យទីតាំងបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ ក៏មានការអញ្ជើញចូលរួមដោយ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងសមាជិកក្រុមការងារគម្រោងពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះហត្ថលេខាជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន កាលពីដើមឆ្នាំ២០១៨។ ពិធីចុះហត្ថលេខានោះធ្វើឡើង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចិនបំពេញទស្សនកិច្ចនៅកម្ពុជា។
ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឡើងតាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT)។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ។ ផ្លូវល្បឿនលឿននេះគ្រោងប្រើពេលសាងសង់ ៤ឆ្នាំ។
លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុទៅតំបន់ទៅតំបន់ដទៃទៀត។
លោករដ្ឋមន្ត្រីជឿថា ផ្លូវល្បឿនលឿនមួយខ្សែនេះ នឹងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា៕