(ព្រះវិហារ)៖ នៅទូទាំងខេត្តព្រះវិហារ ពិសេសនៅតាមតំបន់ជនបទនានា គិតរហូតមកដល់ពេលនេះ ទោះបីអាកាសធាតុឡើងកំដៅខុសធម្មតាក៏ដោយ តែបងប្អូនប្រជាពលរដ្ឋ មិនទាន់ប្រឈមបញ្ហា ខ្វះខាតទឹកស្អាតប្រើប្រាស់នោះទេ។ នេះជាការចេញមកអះអាងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម និងលោក ម៉ប់ ធីរិទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ថ្លៃងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។

លោក ចាប កុយ បានបញ្ជាក់ថា មន្ទីរធនធានទឹកខេត្តព្រះវិហារ ក្រោមការណែនាំរបស់រដ្ឋមន្ត្រី លឹម គានហោ ក៏ដូចជាការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត តែងបានយកចិត្តទុកដាក់ ធ្វើការតាមដានជាប្រចាំអំពីស្ថានភាពការប្រើប្រាស់ទឹក របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ទីរក៏បានណែនាំឲ្យអាជ្ញាធរដែនដីភូមិ-ឃុំ ត្រូវរាយការណ៍ជាបន្ទាន់ ពីបញ្ហាប្រជាពលរដ្ឋ ដែលប្រឈមនិងការខ្វះខាតទឹកស្អាតប្រើប្រាស់។ ប៉ុន្តែមកដល់ថ្ងៃនេះមិនទាន់មានប្រជាពលរដ្ឋណា ប្រឈមនិងការខ្វះខាតទឹកស្អាតប្រើប្រាស់នោះទេ។

លោក ចាប កុយ បានបន្តទៀតថា នៅទូទាំងខេត្តព្រះវិហារ មានតែពន្ធនាគារខេត្តទេ ដែលប្រឈមនិងបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់។ ប៉ុន្តយើងបានដោះស្រាយទាន់ពេលវេលា ដោយលោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីរាជការ ចុះទៅចែកទឹកជូនអ្នកទោសប្រើប្រាស់។

ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏បានផ្តល់អណ្តូងទឹកខ្នាតធំដោយប្រើម៉ូទ័របូម និងតណ្តាញចែកចាយទឹកពេញពន្ធនាគារថែមទៀតផង រហូតមកដល់ពេលនេះ គឺការខ្វះខាតទឹកស្អាតប្រើប្រាស់ ក្នុងពន្ធនាគារលែងជាបញ្ហាចោទទៀតហើយ។ «យើងក៏បានត្រៀមរថយន្តចល័ត សម្រាប់ដឹកទឹកចែកជូនប្រជាពលរដ្ឋទៀតផង»។

ដោយឡែក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ក៏បានថ្លែងឲ្យដឹងថា នៅទូទាំងខេត្ត ក៏ដូចជានៅតាមជនបទ ការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ មកដល់ពេលនេះ មិនទាន់មានបញ្ហាប្រឈម នៅឡើយ ដោយទឹកអណ្តូងស្នប់ និងទឹកស្រះមួយចំនួនធំ មិនទាន់រីងស្ងួតនៅឡើយ។ ជាមួយគ្នានោះ មន្ទីរបាននិងកំពុងតាមដាន និងប្រមូលព័ត៌មានដោយយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរ មូលដ្ឋានជាប្រចាំ លើការប្រើប្រាស់ទឹកប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅតាមជនបទ។

ការចេញមកបញ្ជាក់ពីមន្រ្តីទាំង២អង្គភាពខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើននាក់នៅតំបន់ដាច់ស្រយ៉ាល បានទៅដងទឹកអូរ និងទឹកព្រែក យកទៅប្រើប្រាស់ និងទទួលទានប្រចាំថ្ងៃ៕