(ភ្នំពេញ)៖ ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដពិភពលោក សម្រាប់ជុំប្រកួតនៅក្នុងប្រទេសកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ ដែលធ្វើឡើងក្រោមប្រធានបទ «ទីក្រុងវៃឆ្លាត» (Smart Cities) ដោយមានការប្រកួតប្រជែងលើវិញ្ញាសាទូទៅ (Regular) ជាមួយនឹង LEGO Mindstorm Robots និងវិញ្ញាសាបើកទូលាយថ្មី ដែលមានការដាក់ឱ្យប្រកួតរ៉ូបូតគ្រប់ប្រភេទ។ ចំពោះវិញ្ញាសាទូទៅ និងបើកទូលាយគឺចែកចេញជាពីរកម្រិតមានកុមារ (១៣-១៥ឆ្នាំ) និងយុវជន (១៦-១៩ឆ្នាំ)។
អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានបេសកកម្មក្នុងការបណ្ដុះ ការចូលចិត្តការសិក្សាមុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាសម្រាប់សិស្សានុសិស្សកម្ពុជា ដើម្បីកសាងអនាគតកម្ពុជាដ៏ភ្លឺស្វាង។ នៅជុំវិញពិភពលោកមុនវិជ្ជាស្ទែមត្រូវបានគេទទួលស្គាល់ថា ជាការរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជាគន្លឹះដោះស្រាយបញ្ហាប្រឈមដូចជា ការអភិវឌ្ឍវិស័យសុខាភិបាល និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការសិក្សាអំពីរ៉ូបូតគឺជាមធ្យោបាយមួយគួរឱ្យចាប់អារម្មណ៍ ក្នុងការបណ្ដុះឱ្យយុវជនចូលចិត្តមុខវិជ្ជាទាំងនេះ។
លោកបណ្ឌិត Una McCarthy-Fakhry នាយិកាអង្គការពិព័រណ៌ វិទ្យាសាស្រ្តកម្ពុជា បានថ្លែងថា ការរីករាយជាមួយនឹងរ៉ូបូត គឺជាវិធីល្អក្នុងការច្របាច់បញ្ចូលគ្នានូវជំនាញ ដែលចាំបាច់ពីគ្រប់ផ្នែកនៃការអប់រំស្ទែម និងជាមធ្យោបាយមួយដ៏រីករាយ ជាមួយនឹងសកម្មភាពការងារក្រុមរួមគ្នា និងមានលក្ខណៈអប់រំ។ កាលពីឆ្នាំ២០១៨ កន្លងទៅនេះ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា បានក្លាយជាដៃគូពេញសិទ្ធិរបស់សមាគមរ៉ូបូតអូឡាំព្យាដពិភពលោក និងបានរៀបចំព្រឹត្តិការណ៍ការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដ ពិភពលោក ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា យើងមានមោទនភាព ដែលក្រុមប្រកួតតំណាងប្រទេសកម្ពុជាចំនួនពីរក្រុម បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៅប្រទេសថៃកាលពីឆ្នាំទៅ។ រីឯនៅក្នុងឆ្នាំនេះដែរជុំប្រកួតនៅកម្ពុជា នឹងអាចផ្ដល់ឱកាសប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសហុងគ្រី ក្នុងខែវិច្ឆិកាខាងមុខនេះ ហើយយើងសង្ឃឹមថា យុវជននឹងអាចមានឱកាសតំណាងឱ្យប្រទេសកម្ពុជា លើឆាកអន្តរជាតិ។
សូមចុះឈ្មោះតាមរយៈវេបសាយរបស់លោក។ ចាប់ទទួលពាក្យពីថ្ងៃទី៣០ ខែមីនា ដល់១០ ខែឧសភា ឆ្នាំ២០១៩នេះ។ បទបង្ហាញព័ត៌មានសាធារណៈនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ អង្គការពិព័រណ៌វិទ្យាសាស្រ្តកម្ពុជា តាមរយៈអ៊ីមែល [email protected] ទូរស័ព្ទ 023 72 72 62 ឬទំព័រវេប http://www.stemcambodia.ngo/world-robot-olympiad/៕