(ភ្នំពេញ)៖ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិប្រចាំឆ្នាំ២០១៩ (CIIME’19) ដែលរៀបចំឡើងនៅថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រខាងមុខនេះ។
ពិរព័រណ៍ «CIIME’19» ផ្ដោតសំខាន់ទៅលើការយល់ដឹងពាក់ព័ន្ធវិស័យបច្ចេកវិទ្យា និងនាំយកបច្ចេកវិទ្យាព័ត៌មាន ចូលឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកប្រើប្រាស់ និងធ្វើឱ្យជីវិតកាន់តែងាយស្រួល។ ផលិតផល និងសេវាកម្មដែលដាក់បង្ហាញរួមមាន៖ ប្រព័ន្ធបច្ចេកវិទ្យា (ICT), គ្រឿងអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ, ហ្គេម, បរិក្ខារកុំព្យូទ័រ, គ្រឿងអេឡិចត្រូនិកសម្រាប់ទំនាក់ទំនង, ទូរស័ព្ទ និងបរិក្ខារបច្ចេវិទ្យាផ្សេងៗទៀត។
ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិប្រចាំឆ្នាំ២០១៩ នឹងមានតាំងបង្ហាញផលិតផលជាច្រើនមានដូចជា ឧបករណ៍, សេវាកម្ម, បច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យទូរគមនាគមន៍មកដែលពីបណ្តាប្រទេសជាច្រើន៖ ឥណ្ឌា, ចិន, តៃវ៉ាន់, ជប៉ុន, កូរ៉េ, ថៃ, សិង្ហបុរី, និងម៉ាឡេស៊ី។ ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន និងទូរស័ព្ទកម្ពុជាអន្តរជាតិឆ្នាំ២០១៩ ទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ពិព័រណ៍បច្ចេកវិទ្យាព័ត៌មានធំបំផុតប្រចាំឆ្នាំនេះ ជាកន្លែងប្រមូលផ្ដុំដោយអ្នក ផ្គត់ផ្គង់សេវាបច្ចេកវិទ្យា, អ្នកសមាហរណកម្ម និងអ្នកប្រើប្រាស់បច្ចេកវិទ្យា ICT សម្រាប់មុខជំនួញ និងដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ ដែលកំពុងរីកដុះដាលជារៀងរាល់ថ្ងៃ។
ពិព័រណ៍ «CIIME’19» នឹងក្លាយជាវេទិកាសម្រាប់អ្នកចូលរួមតាំងស្ដង់ ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ខ្លួន ទៅកាន់សាធារណជនរួមមាន៖ អ្នករៀបចំហេដ្ឋារចនាសម្ព័ន្ធ, ធនាគារ, សណ្ឋាគា, ភោជនីយដ្ឋាន, មន្ទីរពេទ្យ, វិស័យរដ្ឋាភិបាល, តំណាងចែកចាយ, សាកលវិទ្យាល័យនានា, ប្រព័ន្ធផ្សព្វផ្សាយ, ប្រព័ន្ធដឹកជញ្ជូន, ទេសចរណ៍, ប្រព័ន្ធអេឡិចត្រូនិក, វិស័យអចលនទ្រព្យ និងវិស័យឧស្សាហកម្មផ្សេងៗជាច្រើនទៀត៕