(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ថ្លែងបើកសន្និបាតនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២៩១៩ លោក ឃួង ស្រេង បានលើកឡើងថា សំរាប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩ របស់រដ្ឋបាលរាជធានី ភ្នំពេញនាពេលនេះ គឺជាការបូកសរុបវាយតម្លៃ ដកពិសោធន៍លទ្ធផលការងារឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភា ហើយជាឆ្នាំចាប់ផ្តើម នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភា។
លោក ឃួង ស្រេង បានថ្លែងថា ក្នុងឆ្នាំ២០១៨កន្លងមកជាឆ្នាំដែលយើងបានរួមគ្នាធានាការពារសន្តិសុខ ស្ថេរភាពនយោបាយ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ពន្លឿនការអភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈបម្រើប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើង។
លោកបន្តថា ចំពោះវិធីសាស្ត្រដើម្បីកំណត់ទិសដៅអនុវត្តការងារឆ្នាំ២០១៩នេះ អង្គសន្និបាតដែលមានរយៈពេល២ថ្ងៃ បានរក្សាវិធីសាស្ត្របែងចែកក្រុម ពិភាក្សាក្នុងគោលបំណង ទទួលបានធាតុចូលកាន់តែច្បាស់ ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន៤រួមមាន៖
*ទី១៖ វិធានការជំរុញការអនុវត្តច្បាប់ចរាចរណ៍ និងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ
*ទី២៖ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈច្រកចេញចូលតែមួយ
*ទី៣៖ ការធ្វើប្រទានកម្មដីធ្លីជូន ប្រជាពលរដ្ឋ
*ទី៤៖ វិធានការទប់ស្កាត់ការប្រើប្រាស់អក្សរបរទេសនៅលើអក្សរខ្មែរ ឬអក្សរបរទេសសុទ្ធដោយគ្មានកម្មសិទ្ធិបញ្ញាលើផ្ទាំងផ្សព្វផ្សាយផ្សេងៗ។
លោកបានបញ្ជាក់ថា «បញ្ហាសំខាន់ៗខាងលើនេះ ទាមទាឲ្យយើងប្រឹងប្រែងរួមគ្នាថែមទៀតដើម្បីថែរក្សា និងពង្រីកបន្ថែមនូវស្នាដៃ និងសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញ សំរេចបានក្នុងឆ្នាំ២០១៨ ហើយសំណុំបញ្ហាទាំងនេះ ក៏ជាការងារអាទិភាពដែលត្រូវពង្រឹងយន្តការអនុវត្តឲ្យមានប្រសិទ្ធភាព សំដៅធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយ ជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សង្គមលើគ្រប់វិស័យ»៕