(កំពង់ឆ្នាំង)៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ពិតជាឱឡារិកអធិកអធ័មលើសឆ្នាំមុនៗទៀត ក្នុងនោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១លាននាក់ បានចូលរួមទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យ ប្រកបដោយក្តីសប្បាយរីករាយបំផុត។
លោកថា តាមការវាយតម្លៃបឋមរបស់គណៈកម្មការរៀបចំពីធីបុណ្យទន្លេ និងផ្នែកនគរបាលគ្រប់គ្រងសន្តិសុខ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេនេះដែរ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តសរុបប្រមាណជាង ១លាននាក់។
លោករដ្ឋមន្ត្រីបានលម្អិតថា នៅថ្ងៃទី១៥ មានអ្នកចូលរួមលេងកម្សាន្តប្រមាណ ២០មុឺននាក់ ថ្ងៃទី១៦ មានប្រមាណជាង ៥០មុឺននាក់ ថ្ងៃទី១៧ មានប្រមាណពី ៣០-៣៥មុឺននាក ហើយបើគិតទាំងថ្ងៃទី១៣ និងទី១៤ មុនថ្ងៃបុណ្យផងនោះ គឺមានអ្នកមកទស្សនាកម្សាន្តសរុបប្រមាណ ៦មុឺននាក់ទៀត។
លោក ថោង ខុន បានបន្តថា ទាំងអ្នកដើរកម្សាន្ត ទាំងអាជីវករតាំងពិព័រណ៍លក់ដូរ និងអ្នកផ្តល់សេវាកម្មស្នាក់នៅ ហូបចុក ដឹកជញ្ជូនជាដើមនោះ គឺមានភាពរីករាយណាស់។ ប្រជាពលរដ្ឋ និងអ្នកលក់ដូរចល័តខ្លះ ដែលមកពីស្រុក និងខេត្តឆ្ងាយបានសម្រាកនៅតាមវត្តអារាម ព្រះចៅអធិការមានការយកចិត្តទុកដាក់ជួយសម្រួលគ្រប់យ៉ាង ខ្លះក៏សម្រាកនៅផ្ទះសាច់ញាតិបងប្អូន។
លោកបានបន្ថែមទៀតថា មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់គ្នា បានរំលេចនូវទឹកមុខញញឹមញញែមរីករាយ និងសែនមានមោទនភាពចំពោះការផ្តល់កិត្តិយសអញ្ជើញជាអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិសេសការផ្ដល់កាដូមហាពិសេស គឺស្ពានដ៏វែងឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលនេះជាប្រវត្តិសាស្ត្រដំបូងសម្រាប់ប្រជាពលរដ្ឋទាំងពីរខេត្ត។
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមូរមីមកទស្សនាការសកម្មភាពកីឡានាពេលថ្ងៃ និងទស្សនាការតាំងពិព័រណ៍ ការសម្ដែងសិល្បចម្រៀង របាំ ល្ខោនយីកេ និងផ្ទាំងទស្សនីយភាពនពេលរាត្រីយ៉ាងអធិកអធ័ម។
រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋទៀតសោត ក៏គ្មានបញ្ហាអ្វីធំដុំគួរឲ្យព្រួយបារម្ភឡើយ ខណៈកងកម្លាំងសមត្ថកិច្ចក៏ខិតខំពង្រឹងការការពារ និងសម្រួលមធ្យោបាយនានាជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ផងដែរ៕