(ភ្នំពេញ)៖ លោក កើត សំាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនអ្នកបើករថយន្តម្នាក់ដាក់ពន្ធនាគារ ក្រោយបើករថយន្តទៅបុកស្រ្តីកំពុងដើរឆ្លងកាត់ផ្លូវ នៅមុខផ្ទះសំណាក់រាត្រីសំបូរ ខណ្ឌ៧មករា។ នេះបើយោងតាមដីការបស់តុលាការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។
នៅក្នុងដីកាឃុំខ្លួន លោក កើត សំាំង បានបញ្ជាក់ថា ឈ្មោះ ឌឿន ផាឌិន ជាអ្នកបើករថយន្តត្រូវចោទប្រកាន់ពីបទ «បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា និងមិនប្រុងប្រយ័ត្នបណ្តាលឲ្យអ្នកដទៃស្លាប់»។
លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះ សំណាក់រាត្រីសំបូរ លើផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
គ្រោះថ្នាក់ចរាចរណ៍នេះដោយសាររថយន្តម៉ាក SSANG YONG ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2B-4474 បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុច កើតហេតុខាងលើ បានបុកអ្នកថ្មើរជើងម្នាក់ ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់ស្រ្តីរងគ្រោះ។
សម្រាប់រថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕