(ភ្នំពេញ)៖ មនុស្សចំនួន៤នាក់ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ ហៅទៅសួរនាំ ក្រោយពីរកឃើញពួកគេ ស្ថិតនៅក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា មនុស្សទាំង៤នាក់នេះ ត្រូវបានមន្រ្តីអាជ្ញាធរហៅទៅសួរនាំ ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ច កំពុងចុះធ្វើរដ្ឋបាលពិនិត្យអាវុធជាតិផ្ទុះ ក៏បានប្រទះឃើញពួកគេ កំពុងស្ថិតនៅក្នុងអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ។

លោក ឃួង​ ស្រេង បានបញ្ជាក់ទៀតថា នៅពេលដែលមន្រ្តីចុះមកធ្វើជំរឿននាពេលថ្មីៗនេះ ពួកគេប្រាប់ថា មិនមានមនុស្សនៅក្នុងអតីតទីស្នាក់ការនោះទេ ប៉ុន្តែនៅយប់នេះពេលអាជ្ញាធរ និងសមត្ថកិច្ចចុះមកត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ដឹងថាមានមនុស្សនៅក្នុងខាង។ ពេលកម្លាំងចូលទៅរក ស្រាប់តែ២នាក់បានដើរតាមក្បែររបងចេញមកក្រៅ និង២នាក់ទៀតបានដើរចេញមកតាមច្រកទ្វារខាងមុខ សមត្ថកិច្ចសង្ស័យផ្លោះរបង ដូច្នេះក៏ឃាត់មកសួរនាំតែម្តង។

នៅពេលនេះ មនុស្សទាំង៤នាក់ ត្រូវបានយកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីដឹងព័ត៌មានបន្ថែមទៀត៕