(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,៧០៩នាក់ ក្នុងនោះមាននារី ៦៧៦នាក់។
លោក ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឲ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ១៤៤នាក់ផងដែរ។
បើតាមលោក ណុប នរិន្ទ វិទ្យាស្ថានខ្មែរជំនាន់ថ្មី គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១។ វិទ្យាស្ថានស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយធ្វើការបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់។ ក្រៅពីការងារបណ្តុះបណ្តាល វិទ្យាស្ថានក៏បានចូលរួមចំណែកបម្រើឲ្យសកម្មភាពមនុស្សធម៌ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកនាយកវិទ្យាស្ថានបានឲ្យដឹងផងដែរថា បច្ចុប្បន្នវិទ្យាស្ថានមានសិស្ស និស្សិតកំពុងសិក្សាសរុប ២,៤១២នាក់។ ចាប់តាំងពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០១៧-២០១៨ មានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានសរុប ១៨,៦៧១នាក់ ក្នុងនោះមាននារី ៨,២០៧នាក់។
បើតាមលោក ណុប និរន្ទ សិស្ស និស្សិត ដែលបញ្ចប់ការសិក្សាពីវិទ្យាស្ថានទៅទទួលបានការងារធ្វើក្នុងអត្រាជាង ៩០ភាគរយ។
លោកនាយកវិទ្យាស្ថាន ក៏បានអះអាងផងដែរថា ដើម្បីឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃការរីកចម្រើនរបស់សង្គមជាតិ វិទ្យាស្ថានខ្មែរជំនា់ថ្មីបាននិងកំពុងរៀបចំកែ និងកែលំអកម្មវិធីសិក្សា, រចនាសម្ព័ន្ធគ្រប់គ្រង, ពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ អន្តរជាតិ, ពង្រឹងសមត្ថភាពសាស្ត្រចារ្យ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក និងគុណភាពសិក្សាគ្រប់កម្រិត។
វិទ្យាស្ថានខ្មែរជំនាន់ថ្មី ក៏បានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនដោយផ្តោតជាចម្បងទៅលើការបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា តាមរយៈការស្រាវជ្រាវដោយផ្ទាល់ជាមួយបណ្តាក្រុមហ៊ុន មន្ទីរពេទ្យ ធនាគារ និងស្ថាប័នផ្សេងៗ ដើម្បីយល់ឲ្យបានច្បាស់ពីតម្រូវការចាំបាច់របស់ស្ថាប័នទាំងនេះ។ លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់ជាចំណេះដឹងឲ្យនិស្សិតគ្រប់កម្រិតអាចយកទៅប្រកួតប្រជែងលើទីផ្សារការងារបាន៕