(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សានូវសមិទ្ធផលដែលសម្រេចបាន ចូលរួមក្នុងការកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើនតទៅមុខទៀត ព្រោះយើងមានភារកិច្ច ចូលរួមទាំងអស់គ្នា ក្នុងការកសាងប្រទេសជាតិ កុំចាំតែបន្ទោសរាជរដ្ឋាភិបាល ហើយឲ្យរដ្ឋាភិបាលត្រូវធ្វើនេះធ្វើនោះ គឺយើងត្រូវតែចូលរួមទាំងអស់គ្នា ហើយទម្រាំតែបានកសាងផ្លូវនេះ រាជរដ្ឋាភិបាលបានខិតខំយ៉ាងលំបាកណាស់។
រដ្ឋមន្ត្រីក្រសួងសាធារណការ បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក បានដឹកនាំប្រជាពលរដ្ឋប្រមាណ៧០០នាក់ ធ្វើដំណើរកំសាន្តតាមរថភ្លើង ពីភ្នំពេញទៅស្ថានីយរមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ពិធីនេះផងដែរក៏មានការចូលរួមពីមន្ត្រីជាស្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូនប្រមាណ៦០នាក់ផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលខ្ចីថវិកាបរទេសណា យកមកកសាងអ្វីដែលគ្មានប្រយោជន៍ដល់ប្រជារាស្ត្រនោះទេ មុននឹងខ្ចីថវិកាយកមកធ្វើអ្វី គឺបានសិក្សាយ៉ាងច្បាស់លាស់ណាស់ តើការធ្វើនោះ វាមានផលចំណេញដែរឬទេ បើសិនជាគ្មានផលចំណេញនោះទេ គឺយើងមិនធ្វើនោះទេ ហើយរាជរដ្ឋាភិបាលក៏មិនបានខ្ចីថវិកា បរទេសណាយកមកទិញឡាន ឬទិញរបស់ផ្ទាល់ខ្លួននោះទេ គឺយកមកដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ កសាងបណ្ដាញភ្លើង កសាងប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ផ្សេងៗ។ រដ្ឋាភិបាល គឺបានគ្រប់គ្រងបានគ្រប់គ្រងប្រាក់កម្ចីនេះ បានយ៉ាងល្អ ព្រោះបើយើងគិតពីអត្រាប្រាក់កម្ចី ដែលយើងមានសព្វថ្ងៃនេះ ប្រៀបធៀប និងផលិតផលសរុបរបស់កម្ពុជា យើងអត្រានៅទាបជាង ៣០ភាគរយទេ ខណៈដែលធនាគារពិភពលោក ក៏អាចឲ្យខ្ចីរហូតដល់ ៤០ភាគរយឯណោះ។
លោកបានបន្ថែមទៀតថា រាជរដ្ឋាភិបាលមិនអាចការពារ និងគ្រប់គ្រងបានគ្រប់កន្លែងនោះទេ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា ជាក់ស្តែងបញ្ហាសំរាមប្រជាពលរដ្ឋ ដែលបានបោះចោលពាសវាលពាសកាលនេះវាមិនល្អនោះទេ ហើយកុំចាំតែក្រសួងសាធារណការ និងដឹកជញ្ជូន ចុះទៅផ្សព្វផ្សាយអី ខ្លួនយើងគួរតែព្យាយាមជួយផ្សព្វផ្សាយ ពីបញ្ហាថែរក្សាបរិស្ថាន ចូលរួមថែរក្សាដងផ្លូវ និងបញ្ជៀសឱ្យបានអំពីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗផងដែរ។
លោកក៏បានបញ្ជាក់សង្កត់ធ្ងន់ថា ចំពោះក្រុមហ៊ុនដឹកទំនិញ ត្រូវតែដឹកទំនិញតាមទម្ងន់កំណត់នៃច្បាប់ បើសិនជាយើងដឹកទំនិញលើសទម្ងន់កំណត់នៃច្បាប់ វាគឺធ្វើឲ្យផ្លូវយើងឆាប់ខូចរេចរិល ខណៈដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងណាស់ ដើម្បីស្វែងរកថវិកាមកកសាងផ្លូវនេះ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទាំងអស់គ្នា ហើយសូមកុំបំពានចំណីផ្លូវឱ្យសោះ កុំយកផ្លូវធ្វើជាកន្លែងទីផ្សារដើម្បីលក់ដូរ ហើយបើសាងសង់ផ្ទះកុំចាក់ដីឱ្យខ្ពស់លើសពីផ្លូវឲ្យសោះ ព្រោះនៅពេលដែលចាក់ដីខ្ពស់ជាងផ្លូវ នៅពេលដែលមានភ្លៀងទឹកវាអាចហូរទឹកមកលើផ្លូវ ហើយធ្វើឲ្យផ្លូវឆាប់ខូចផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្ដល់ថវិកា មកឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីបានកសាងផ្លូវ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ហើយលោកក៏បានថ្លែងអំណរគុណ ដល់ប្រទេសដែលជាមិត្ត ដែលបានផ្តល់ប្រាក់កម្ចីសម្បទានដល់ប្រទេសកម្ពុជា ក្នុងការកសាងផ្លូវនេះផងដែរ លោកក៏បានប្ដេជ្ញាចិត្តកសាងផ្លូវឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕