(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ បានបើកវេទិកាសាធារណៈ ជាមួយតំណាងប្រជាពលរដ្ឋ រស់នៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ប្រមាណជាង២០០នាក់ នៅក្នុងបរិវេណវត្តព្រីងជ្រុំ ស្ថិតនៅឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
វេទិកានេះ រៀបចំធ្វើឡើង ដើម្បីប្រមូលនូវរាល់សេចក្តីត្រូវការ សំណូមពរ ក៏ដូចជាបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ មកពិនិត្យលទ្ធភាពដោះស្រាយជូន ពិសេសបញ្ហាខ្វះខាត់ទឹកប្រើប្រាស់ ក្នុងរដូវប្រាំងនេះ និងជាពិសេសការសង់លំនៅដ្ឋាន ជូនប្រជាពលរដ្ឋក្រីក្រ គ្មានផ្ទះសំបែងសមរម្យ។
លោកបណ្ឌិត ម៉ា ឈឿន បានឲ្យដឹងថា គោលបំណង នៃវេទិកាសាធារណៈនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានលើកឡើងនូវសេចក្តីត្រូវការរបស់ខ្លូន ក៏ជាសំណូមពរ និងបានលើកឡើងនូវបញ្ហាប្រឈម ក្នុងមូលដ្ឋានរបស់ខ្លូន ដូចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាល្បែងស៊ីសង់ គ្រឿងញៀន អំពើចោរកម្មជាដើម។
តំណាងរាស្រ្តមណ្ឌលកំពង់ចាមរូបនេះ បានបន្ថែមទៀតថា ពិសេសការផ្តល់សេវា របស់អាជ្ញាធរមូលដ្ឋានជូនបងប្អូន ប្រជាពលរដ្ឋ មានទាំងសេវាចាំបាច់ ក៏ដូចជាសេវាតម្រូវការ ជូនបងប្អូនប្រជាពលរដ្ឋ ថាតើទាន់ពេលវេលាដែរឬទេ។
បើតាមការលើកឡើង របស់ប្រជាពលរដ្ឋ រស់នៅក្នុងឃុំព្រីងជ្រុំ ខាងលើនេះ បានឲ្យដឹងថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាល្បែងស៊ីសង់ គ្រឿងញៀន និងអំពើចោរកម្ម នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ រួមទាំងការផ្តល់សេវារបស់អាជ្ញាធរមូលដ្ឋាន។
ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋ មានតម្រូវការចាំបាច់នាពេលនេះ គឺបានស្នើសុំ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្ត និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរដែនដី ជួយដោះស្រាយ រួមមាន៖ ជួយជួសជុលផ្លូវលំជនបទ និងការស្ដារប្រឡាយទឹក នៅក្នុងឃុំមួយចំនួន ព្រមទាំងតម្រូវការទឹកប្រើប្រាស់ប្រចាំថ្ងៃ។
ឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋខាងលើនេះ លោកបណ្ឌិត ម៉ា ឈឿន សម្រេចជួយជួសជុលផ្លូវលំជនបទ និងស្ដារប្រឡាយទឹកមួយចំនួន តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែក មួយចំនួនទៀត បានស្ថិតនៅក្នុងគម្រោង អភិវឌ្ឍន៍របស់ខេត្ត និងឃុំរួចហើយ។
ទន្ទឹមនេះ ឆ្លើយតបការស្នើសុំទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ដោយតំបន់នេះខ្វះប្រភពទឹកស្អាតប្រើប្រាស់ លោកបណ្ឌិត ម៉ា ឈឿន បានសម្រេចផ្តល់ជូនអណ្តូងទឹកខ្នាតធំមួយ ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាសម្បត្តិរួម ដែលត្រូវសាងសង់ នៅក្នុងបរិវេណវត្តព្រីងជ្រុំនេះតែម្តង។
លើសពីនេះទៅទៀត លោកបណ្ឌិត ម៉ា ឈឿន ក៏បានសម្រេចជួយសាងសង់ផ្ទះមួយខ្នង ជូនគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ គ្មានផ្ទះសំបែងរស់នៅសមរម្យ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ា ឈឿន បានឧបត្ថម្ភនូវថវិកាដល់បងប្អូនប្រជាពលរដ្ឋ និងប្រជាការពារភូមិដែលបានចូលរួម ទាំងអស់ជាង ២០០នាក់ នូវថវិកាមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត ម៉ា ឈឿន ក៏បានក្រើនរំលឹករបស់អាជ្ញាធរ ដែនដី និងសមត្ថកិច្ចគ្រប់គ្រប់ប្រភេទ សូមបន្តយកចិត្តទុកដាក់អនុវត្តន៍ នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព សំដៅធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លូន៕