(ភ្នំពេញ)៖ អតិថិជនជាច្រើនបានចូលរួមស្វែងយល់ពីគម្រោងរបស់មជ្ឈមណ្ឌលពាណិជ្ជកម្ម ថ្រាយអ៊ឹម ដែលបានវិនិយោគនូវទឹកប្រាក់ប្រមាណ ១០០០លានដុល្លារ នៅក្នុងកំពង់ផែស្វយ័តរាជធានីភ្នំពេញ តាមរយៈសិក្ខាសាលាមួយនេះ អតិថិជនបានជួបជុំគ្នាស្តាប់ នូវបទបង្ហាញ និងស្ថានភាពថ្មីៗ នៃដំណើរការគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនេះ ស្ថិតនៅតាមបណ្តោយផ្លួវលេខ៣៦ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក សាន ភារិន អគ្គនាយកក្រុមហ៊ុន Top 4 Realty Col.ltd ដែលជាភ្នាក់ងារលក់ដ៏ធំមួយនៅកម្ពុជា និងជាដៃគូរសហការផ្នែកលក់ បានថ្លែងថា អគារពាណិជ្ជកម្មចម្រុះអន្តរជាតិនៅកម្ពុជានេះ អាចនឹងចំណាយទុនសាងសង់នូវទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារ ដែលមានទាំងឃ្លាំងស្វយ័តភ្នំពេញ និងជាមជ្ឈមណ្ឌលបោះដុំដ៏ធំមួយនៅក្នុងតំបន់អាស៊ី ហើយទំនិញគ្រប់មុខនឹងនាំមកប្រមូលផ្តុំនៅទីនេះ ផងដែរ។
បន្ទាប់ពីដំណើរការលក់គម្រោងអគារពាណិជ្ជកម្ម TCC ក្រុមហ៊ុន យ៉ុនណាន សេងម៉ៅ អ៊ិនវ៉េសមិន បានចុះកិច្ចព្រមព្រៀងឱ្យក្រុមហ៊ុន Top4 Realty Co. ltd ដើម្បីផ្សព្វផ្សាយលក់នូវគម្រោងខ្នាតយក្សមួយនេះជាផ្លូវការ។ ក្រោយដំណើរការលក់រយៈពេល ជាង២ខែកន្លងមកនេះ លោក សាន ភារិន អ្នកជំនាញអចលនៈទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុនខាងលើបានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ចំពោះលទ្ធផលលក់កន្លងមក ដែលមានការគាំទ្រយ៉ាងខ្លាំងពីអាជីវករ ក៏ដូចជាអ្នកវិនិយោគនានា។
លោកបានអះអាងថា ការសម្រេចចិត្តសហការលក់ដូច្នេះ ក៏ព្រោះតែមើលឃើញពីចក្ខុវិស័យច្បាស់លាស់របស់ភាគីចិន ដោយឈរលើគោលនយោបាយ «ខ្សែក្រវ៉ាត់១ផ្លូវ១» ដែលជាស្ពានតភ្ជាប់ប្រទេសទាំងពីរកម្ពុជា-ចិន។ ម្យ៉ាងទៀត គម្រោងមួយនេះ បានផ្ដល់ការងារជាច្រើន ដល់ប្រជាជនកម្ពុជា ជាក់ស្ដែងបុគ្គលិករបស់លោករាប់រយនាក់ ក៏ទទួលបាននូវប្រយោជន៍ពីចិន។
លោកបានបន្តថា អគារពាណិជ្ជកម្មនេះ មានបណ្តុំនូវមុខងារដូចជា៖ អគារបោះដុំ មជ្ឈមណ្ឌលវប្បធម៌ ទេសចរណ៍ សណ្ឋាគារ ខុនដូ ធុរកិច្ច ភោជនីយដ្ឋាន កន្លែងកម្សាន្ត សារមន្ទីរ និងលំហែកាយ ជាតំបន់ជីវិតរស់នៅបែបថ្មី ពោរពេញទៅដោយភាពទាក់ទាញ ផាសុកភាព សុវត្ថិភាព និងល្អដាច់គេ នៅរាជធានីភ្នំពេញនាពេលអនាគត។
អន្ទឹមនឹងនេះដែរលោក សាន ភារិន បានបន្ថែមទៀតថា រហូតមកពេលនេះ ទាំងពីរអគារគឺក្រុមហ៊ុនបានលក់ចំនួន២០០០តូបរួចមកហើយ សម្រាប់អគារនេះជាកន្លែងប្រមូលផ្តុំនូវអាជីវកម្មចម្រុះឱ្យមានភាពរស់រវើកផងដែរ ហើយនៅក្នុងនោះមាននាំយកនូវផលិតផលពីប្រទេសនានា ដើម្បីយកមកបោះដុំជូនអតិថិជន ព្រមទាំងប្រជាពលរដ្ឋខ្មែរអាចទិញទំនិញដែលមានគុណភាព និងតម្លៃសមរម្យ ដោយមានក្រុមហ៊ុនជាង១០,០០០ និងទំនិញជាង១០ម៉ឺនមុខប្រមូលផ្ដុំនៅទៅនោះ។
លោក ហេរ៉ូ សុជាតិ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន Top 4 និងជាអ្នកជំនាញផ្នែកអចលនទ្រព្យ បានថ្លែងថា នេះជាគម្រោងដ៏អស្ចារ្យមួយ ដែលមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការវិនិយោគទៅលើអគារពាណិជ្ជកម្ម ឬក៏ផ្សារទុនដ៏ធំដូច្នេះ ហើយការជ្រើសរើសតំបន់កំពង់ស្វយ័តក្រុងភ្នំពេញ គឺជាគោលដៅវិនិយោគផងដែរ។
លោកបានបន្តថា ក្នុងនាមជាអ្នកជំនាញលើផ្នែកអចលនទ្រព្យលោកបានបង្ហាញ នូវការរំពឹងខ្ពស់នូវភាពជោគជ័យនឹងអាចទទួលបានដំណើរ ការលក់គម្រោងនេះ ហើយអតិថិជននឹងទទួលបានផលចំណេញយ៉ាងពិតប្រាកដ ក្នុងដំណើរការពាណិជ្ជកម្មរបស់ខ្លួន ព្រោះទីតាំងនេះជាមជ្ឈមណ្ឌលពណិជ្ជកម្មដ៏ ជាមជ្ឈមណ្ឌលទេសចរណ៍ វប្បធម៌ដែលមានមនុស្សរាប់លាននាក់នឹងចូលរួមនៅក្នុងសកម្មភាពនេះ ជារៀងរាល់ថ្ងៃផងដែរ។
សូមបញ្ជាក់ថា គម្រោង ថ្រាយអឹម វិនិយោគលើផ្ទៃដីជិត១០ហិចតា នៅត្រង់ចំណុចឃ្លាំងកំពង់ផែស្វយ័តក្រុងភ្នំពេញ ក្នុងរយៈពេលវិនិយោគ ៤០ឆ្នាំ។ ដំណាក់កាលដំបូងនៃគម្រោងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩ ព្រមទាំងគ្រោងបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២០។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ៖ ០៩៩ ៩០០ ៩០១/ ០៨៧ ៩០០ ៩០១៕