(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពីលោកវរសេនីយ៍ទោ អ៊ីវ ឈុន អធិការរង បានដឹកនាំកម្លាំងចុះឡោមព័ទ្ធបង្ក្រាបទីតាំងបើកល្បែងមួយកន្លែង ឃាត់ខ្លួនអ្នកមើលការខុសត្រូវម្នាក់ ដកហូតប្រភេទទូរហ្គេមបាញ់ត្រីធំៗ ចំនួន២គ្រឿង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន និងជាអភិបាលខណ្ឌ។
ប្រតិបត្តិការបង្ក្រាបទីតាំងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ បានអនុវត្តឡើងក្រោមការសម្របសម្រួលដោយលោក ស៊ីន វិរៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្ថិតនៅចំណុចផ្ទះថ្មមួយកន្លែង លេខ០៣៧ តាមបណ្ដោយផ្លូវរថភ្លើង ក្នុងក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាវេលាម៉ោង១១៖៣០នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។
ជាមួយការបង្ក្រាបល្បែងហ្គេមបាញ់ត្រីនេះ លោក ជា ពិសី បានជំរុញឲ្យសមត្ថកិច្ច អាជ្ញាធរសង្កាត់-ភូមិ ចូលរួមសហការ និងមានវិធានការបន្តតាមដាន ស្រាវជ្រាវតទៅទៀត បើក្នុងករណីនៅតែមានប្រព្រឹត្តអំពីល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាលខណ្ឌ ដើម្បីមានវិធានការបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
បន្ថែមពីនេះ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ការបង្ក្រាបនូវបនល្បែងប្រភេទហ្គេមបាញ់ត្រីនេះដែរ ជាក់ស្ដែងបានអនុវត្តឡើង ក្រោយពីទទួលបានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ ពីប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីបើកការស្រាវជ្រាវកំណត់ពីទីតាំង នៃការប្រព្រឹត្តបទល្មើស ដើម្បីមានវិធានការបង្ក្រាបតែម្ដង ក្នុងការកាត់បន្ថយអំពើចោរកម្មទាំងឡាយ ដូចជា ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីល្បែងស៊ីសងទាំងនោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ មុំ សាមឌី ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខមួយកន្លែង តាមបណ្ដោយដោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក ក្រុម១ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
យ៉ាងណាក៏ដោយ ក្រោយបង្ក្រាបនូវទីតាំងទូរហ្គេមបាញ់ត្រីចំនួន២គ្រឿង និងឃាត់ខ្លួនជនសង្ស័យម្នាក់នេះ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌ ដើម្បីបន្តនិតិវិធី៕