(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋ នៅឃុំកំពង់ស្វាយទាំងអស់ ត្រូវចូលរួមថែរក្សាផ្លូវដែលបានកសាងនេះ ជាពិសេស រួមគ្នាថែរក្សាសុខសន្តិភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ លោកបានបន្ថែមថា ការសាងសង់ផ្លូវទាំងអស់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលបង្ហាញអំពីការរីកចំរើននៃប្រទេសជាតិប្រកបដោយសុខសន្តិភាព និងបង្ហាញអោយឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅមូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋ។
លោក ម៉ម ប៊ុននាង បន្តថា ការកសាងផ្លូវនេះគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ កសិករ រឺអាជីវករ អាចដឹកទំនិញបានងាយស្រួល និងសម្រួលដល់ការធ្វើចរាចរណ៏ឱ្យមានភាពងាយស្រួលជាងមុនបន្ថែមទៀត។
ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញជាអធិបតីភា ពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវ០៦ខ្សែ ប្រវែង ៤.៨៤០ម៉ែត្រ ដោយឆ្លងកាត់ ភូមិចំនួន០៦គឺភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែកដូង២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានោះដែរ លោក បាននាំយកសារ៉ុង មកចែកជូនប្រជាពលរដ្ឋចំនួន ១២០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុងចំនួន០១ ព្រមទាំងការកសាងសង់ផ្លូវ ៦ខ្សែ មានបណ្តោយ ៤៨៤០ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មមិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០៦គឺភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែកដូង២ ភូមិព្រែកតានប់ និងព្រែកតានប់២ ដែលចំណាយថវិកាសរុបចំនួន១១៦,៧៨០,០០០ រៀល។
បន្ទាប់ពីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក លោក ម៉ម ប៊ុននាង បានបន្តជួបពិភាក្សាការងារជាមួយអាជ្ញាធរឃុំកំពង់ស្វាយ ដើម្បីជំរុញឱ្យក្រុមប្រឹក្សាឃុំ ប្រជាការពារភូមិ-ឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យអស់ពីមូលដ្ឋាននូវការចរាចរលក់ ចែកចាយគ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាបងតូចបងធំ ក្មេងទំនើង អំពើហឹង្សារក្នុងគ្រួសារ និងបទល្មើសនានា ដើម្បីធានាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ។
លោក ក៏បានក្រើនរំឭកឱ្យអាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត សំបុត្រ មរណភាព។ មន្ត្រីគ្រប់រូបត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងពន្លឿនការងារឱ្យបានឆាប់រហ័ស ទើបអាចឆ្លើយតបទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព។
ក្នុងឱកាសនោះដែរ លោក បាននាំយកថវិកាមកចែកជូនក្រុមប្រឹក្សាឃុំ និងប្រជាការពាភូមិ ចំនួន២២នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល ដែលចំណាយថវិកាសរុបចំនួន១,១០០,០០០រៀល៕