(ត្បូងឃ្មុំ)៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញចូលរួមបុណ្យសពលោក ភាព ផល អាយុ៥៩ឆ្នាំ ដែលបានរងគ្រោះថ្នាក់បាត់បង់ជីវិតដោយសារការផ្ទុះគ្រាប់ផ្លោង ប្រភេទ១០៥មីលីម៉ែត្រ ដោយសារគាត់យកទៅដាក់ជាទ្រនាប់ សម្រាប់ទ្រដំដែកធ្វើជាកាំបិត ពូថៅ កាលពីថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៩ នៅភូមិ៧៦ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូង។
ជាមួយនឹងការនាំយកមកនូវគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដើម្បីចូលរួមបុណ្យសព ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបានសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក ជូនដល់ក្រុមគ្រួសារសព។
លោកទេសរដ្ឋមន្រ្តី បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធជាបន្ទាន់ នៅពេលជួបប្រទះឃើញមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីចូលរួមទប់ស្កាត់នូវសោកនាដកម្ម ដែលបន្សល់ទុកដោយសង្គ្រាមទាំងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
លោក លី ធុជ បានគូសបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន មានការឈឺចាប់បំផុតនៅពេលដែលបានលឺថា មានបងប្អូនប្រជាពលរដ្ឋបានស្លាប់ ពិការ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយសម្តេចបានលះបង់គ្រប់បែបយ៉ាង ដើម្បីនាំមកនូវសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ ប៉ុន្តែសំណល់សង្រ្គាមទាំងនេះនៅតែសម្លាប់ប្រជាពលរដ្ឋខ្មែរ៕