(ភ្នំពេញ)៖ ជាទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នៅគ្រប់វិវាទទាំងអស់ដែលបានកើតឡើង មិនថានៅក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យការងារនោះទេ ត្រូវបានប្រើប្រាស់នូវយន្តការតុលាការ និងយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដូចជាការការចរចា និងការផ្សះផ្សាជាអាទិ៍ មកធ្វើការដោះស្រាយនូវវិវាទទាំងនោះដោយផ្អែកលើមូលដ្ឋានច្បាប់ជាធរមាន។
ជាក់ស្ដែងនៅក្នុងវិស័យការងារនៅកម្ពុជា យន្ដការស្ដីពីការដោះស្រាយវិវាទការងារ ត្រូវបានរដ្ឋាភិបាលរៀបចំបង្កើតឱ្យមានឡើងតាមរយៈច្បាប់ស្ដីពីការងារ និងព្រមទាំងបង្កើតឱ្យមាននូវស្ថាប័នទទួលបន្ទុកដោះស្រាយវិវាទការងារមួយចំនួនផងដែរ។ ដោយកាលពីសប្ដាហ៍មុន ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សហការជាមួយ អង្គភាពព័ត៌មាន FRESH NEWS បានលើកយកប្រធានបទស្ដីពី «វិវាទការងារ» មកធ្វើការបកស្រាយជូនរួចមកហើយ ហេតុដូច្នេះ សម្រាប់សប្ដាហ៍នេះ យើងសូមលើកយកប្រធានបទស្ដីពី «យន្ដការដោះស្រាយវិវាទការងារនៅកម្ពុជា» មកបកស្រាយជូន បងប្អូន ប្រជាពលរដ្ឋ សិស្ស និស្សិត ដូចតទៅ៖
យោងតាមច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា វិវាទការងារត្រូវបានបែងចែកចេញជា ០២គឺ វិវាទបុគ្គល និងវិវាទការងាររួម ដែលវិវាទការងារទាំងពីរប្រភេទនេះត្រូវបានប្រើប្រាស់នូវយន្ដការពីរផ្សេងគ្នា ដើម្បីយកមកប្រើប្រាស់ក្នុងការដោះស្រាយផងដែរ។ នៅក្នុងនោះយន្ដការដែលត្រូវប្រើប្រាស់មានដូចជា ការចរចា ការផ្សះផ្សា ការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ការធ្វើកូដកម្ម ឬឡុកអៅ និងការដោះស្រាយនៅស្ថាប័នតុលាការ ជាអាទិ៍ ។
ចំពោះយន្ដការសម្រាប់ការដោះស្រាយវិវាទបុគ្គល យោងតាមច្បាប់ស្ដីពីការងារ មាន ២ ដំណាក់កាលគឺ ៖
១ ដំណាក់កាលផ្សះផ្សាដោយអធិការការងារ យោងស្មារតីមាត្រា ៣០០ នៃច្បាប់ស្ដីពីការងារ បញ្ញត្ដិថា៖ មុននឹងប្ដឹងទៅតុលាការ គ្រប់រឿងវិវាទបុគ្គល អាចឱ្យភាគីណាមួយផ្ដើមគំនិតនាំយកទៅប្ដឹងនៅអធិការការងារនៃ ខេត្ដ ក្រុង ខ្លួនឱ្យធ្វើការផ្សះផ្សាជាមុនសិន ពោលគឺភាគីវិវាទមិនអាចប្តឹងទៅតុលាការ មុនអធិការការងារនោះទេ។ ចំពោះនីតិវិធីប្តឹងនៅអធិការការងារត្រូវអនុវត្តតាមមាត្រា ៣០១ ក្រោយពីទទួលពាក្យបណ្ដឹង អធិការការងារត្រូវសាកសួរភាគីទាំងសងខាង (ភាគីកម្មករនិយោជិត និងភាគីនិយោជក) ឱ្យដឹងពីកម្មវត្ថុនៃវិវាទ រួចធ្វើផ្សះផ្សាភាគីដោយយកច្បាប់ បទបញ្ជា អនុសញ្ញារួម ឬកិច្ចសន្យាការងារម្នាក់ៗ ជាមូលដ្ឋាន ។ ដើម្បីផ្សះផ្សាអធិការការងារ នឹងកំណត់ពេលប្រជុំក្នុងរយៈ៣សប្ដាហ៍ យ៉ាងយូរបន្ទាប់ពីបានទទួលពាក្យប្ដឹង។ ភាគីទាំងឡាយអាចឱ្យគេជួយអម ឬតំណាងខ្លួនបាន ហើយលទ្ធផលនៃការផ្សះផ្សាត្រូវមានកត់នៅក្នុងកំណត់ហេតុ ធ្វើដោយអធិការការងារបញ្ជាក់ពីការយល់ព្រម ឬមិនយល់ព្រមផ្សះផ្សារបស់ភាគីនោះ។ កំណត់ហេតុនេះ ត្រូវមានចុះហត្ថលេខាអធិការការងារ និងភាគីទាំងអស់ និងត្រូវចម្លងជូនភាគី ។ ការព្រមព្រៀងដែលបានធ្វើឡើងនៅចំពោះមុខអធិការការងារ គឺជាការព្រមព្រៀងយកជាការបានចំពោះមុខច្បាប់។ នៅក្នុងករណីដែលការផ្សះផ្សាដោយអធិការការងារគ្មានការសះជានឹងគ្នាទេ សាម៉ីភាគី (កម្មករ និយោជិត ឬ និយោជក) អាចប្ដឹងទៅសាលាក្ដីមានសមត្ថកិច្ចក្នុង រយៈពេល ២ ខែ គិតចាប់ពីការផ្សះផ្សាត្រូវបានបញ្ចប់ ពុំនោះទេសិទ្ធិប្ដឹងនេះនឹងត្រូវផុតរលត់ ។
២ ការដោះស្រាយដោយស្ថាប័នតុលាការ៖ ដោយហេតុថា យោងតាមស្មារតីមាត្រា ៣០០ នៃច្បាប់ស្ដីពីការងារ បានកំណត់ថាតុលាការមានសមត្ថកិច្ចក្នុងការដោះស្រាយវិវាទបុគ្គល ក្រោយពីភាគីមិនសះជានៅនាយកដ្ឋានអធិការការងារ សាលាក្ដីដែលមានសមត្ថកិច្ច គឺសាលាដំបូងរាជធានី ខេត្ដនៃទីកន្លែងដែលមានវិវាទការងារនោះ ហើយរបៀបដាក់ពាក្យបណ្ដឹង និងនីតិវិធីនៃការដោះស្រាយវិវាទ គឺត្រូវអនុវត្ដអនុលោមតាមក្រមនីតិវិធីរដ្ឋប្បវេណី ពោលគឺភាគីត្រូវដាក់ពាក្យ បណ្តឹងនៅលេខាធិការដ្ឋាន នៃសាលាដំបូងរាជធានី ខេត្ដនៃទីកន្លែងដែលមានវិវាទ ។
ចំពោះយន្ដការសម្រាប់ការដោះស្រាយវិវាទរួម យោងតាមច្បាប់ស្ដីពីការងារ មាន ៣ ដំណាក់កាលគឺ ៖
១. ដំណាក់កាលផ្សះផ្សាដោយអធិការការងារ៖ យោងតាមច្បាប់ស្ដីពីការងារមាត្រា ៣០៣ ដល់មាត្រា ៣០៨ ដើម្បីធ្វើការផ្សះផ្សា ភាគីត្រូវជូនដំណឹងអំពីវិវាទការងាររួមទៅអធិការការងារ ប៉ុន្ដែចំពោះវិវាទការងាររួមដែលភាគីពុំបានឱ្យដំណឹងមកខ្លួននោះទេ អធិការការងារអាចចាត់ការផ្សះផ្សាតាមនីតិវិធីដែលមានបញ្ញត្ដិទុក ក្រោយពីបានដំណឹងអំពីវិវាទនោះភ្លាម។ រដ្ឋមន្ដ្រីក្រសួងការងារនឹងចាត់តាំងអ្នកផ្សះផ្សាម្នាក់ ក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីពេលបានទទួលពាក្យប្ដឹង ឬបានដឹងដោយខ្លួនឯងពីវិវាទការងាររួមនោះ រួចចេញសេចក្ដីបង្គាប់ទៅអធិការការងារដើម្បីចាប់ផ្ដើមនីតិវិធីផ្សះផ្សា។ ការផ្សះផ្សាត្រូវធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទទួលបានសេចក្ដីបង្គាប់ ពីរដ្ឋមន្រ្ដីក្រសួងការងារ ហើយអាចធ្វើឡើងវិញបានតាមសំណូមពររួមរបស់ភាគីវិវាទ។ ប្រសិនបើការផ្សះផ្សាភាគីព្រមសះជា អធិការការងារនឹងធ្វើកិច្ចព្រមព្រៀងសះជាមួយ ដោយមានចុះហត្ថលេខារបស់ភាគី និងចុះទិដ្ឋាការដោយអ្នកផ្សះផ្សា ហើយកិច្ចព្រមព្រៀងនេះមានតម្លៃគតិយុត្ដស្មើនឹងអនុសញ្ញារួម។ ក៏ប៉ុន្ដែបើការផ្សះផ្សា ភាគីមិនសះជាទេ អ្នកផ្សះផ្សាត្រូវកត់ត្រាអំពីចំណុចនោះ និងសរសេរបាយការណ៍ រួចរបាយការណ៍នោះរួមទាំងលិខិតទាំងអស់ត្រូវដាក់ជូនរដ្ឋមន្រ្ដីការងារ យ៉ាងយូរបំផុតរយៈពេល ៤៨ ម៉ោង ក្រោយពេលបញ្ចប់ការផ្សះផ្សា ។
២. ដំណាក់កាលសម្រេចដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល៖ យោងតាមស្មារតីមាត្រា ៣០៩ ដល់មាត្រា ៣១៧ នៃច្បាប់ស្ដីពីការងារ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានសមត្ថកិច្ចផ្ដាច់មុខក្នុងការដោះស្រាយវិវាទការងាររួមទាំងអស់ក្រោយពេលដែលនៅក្នុងដំណាក់កាលនៃផ្សះផ្សាភាគីពុំព្រមសះជា លើកលែងតែមានករណីដែលមានចែងនៅក្នុងអនុសញ្ញារួម ឬនីតិវិធីផ្សេងទៀតដែលភាគីបានព្រមព្រៀងគ្នា។ ដោយនៅពេលដែលការផ្សះផ្សានៅអធិការការងារមិនបានជោគជ័យ រដ្ឋមន្រ្ដីក្រសួងការងារ នឹងប្ដឹងទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃដែលខ្លួនបានទទួលលិខិត និងរបាយការណ៍ពីអ្នកផ្សះផ្សា ហើយក្រុមប្រឹក្សាអាជ្ញាកណ្ដាល នឹងបើកការប្រជុំដាច់ខាតក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទទួលបណ្ដឹងនេះ។ ចំពោះសមាសភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងត្រូវកំណត់ដោយប្រកាសរបស់ក្រសួងការងារ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល មានភារកិច្ចពិនិត្យតែបញ្ហាដែលមាននៅក្នុងកំណត់ហេតុមិនព្រមសះជា ឬបញ្ហាដែលកើតក្រោយការធ្វើកំណត់ហេតុ ដែលជាផលវិបាកផ្ទាល់នៃវិវាទនោះប៉ុណ្ណោះ ហើយការរួមប្រជុំរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវតែធ្វើឡើងដោយបិទទ្វារ និងត្រូវសម្រេចសេចក្ដីដោយចេញសេចក្ដីសន្និដ្ឋានដំណោះស្រាយ ឬហៅថាសេចក្ដីបង្គាប់។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវជូនដំណឹងពីសេចក្ដីសម្រេចរបស់ខ្លួនទៅរដ្ឋមន្រ្ដីក្រសួងការងារក្នុងរយៈពេល ១៥ថ្ងៃ រាប់ពីថ្ងៃទទួលសំណុំរឿង ហើយត្រូវឱ្យដំណឹងភ្លាមដល់ភាគី។ មុននឹងក្រុមប្រឹក្សាអាជ្ញាកណ្ដាលចេញសេចក្ដីបង្គាប់ ភាគីទាំងពីរត្រូវជ្រើសរើសប្រភេទនៃសេចក្ដីបង្គាប់ ជាសេចក្ដីបង្គាប់ជាប់កាតព្វកិច្ច ឬជាសេចក្ដីបង្គាប់មិនជាប់កាតព្វកិច្ច។ ប្រសិនបើភាគីទាំងពីរជ្រើសរើសសេចក្ដីបង្គាប់ជាប់កាតព្វកិច្ច ភាគីទាំងពីរគ្មានសិទ្ធិប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់នេះឡើយហើយ សេចក្ដីបង្គាប់នេះនឹងចងកាតព្វកិច្ច ហើយអនុវត្ដលើភាគីទាំងពីរភ្លាម។ ប្រសិនបើភាគីណាមួយ ឬភាគីទាំងពីរមិនឯកភាពលើសេចក្ដីបង្គាប់ជាប់កាតព្វកិច្ចទេ ពេលនោះសេចក្ដីបង្គាប់អាជ្ញាកណ្ដាលនឹងក្លាយជាសេចក្ដីបង្គាប់មិនជាប់កាតព្វកិច្ច ហើយភាគីអាចប្ដឹងជំទាស់បានក្នុងរយៈពេល៨ថ្ងៃ នៃថ្ងៃប្រតិទិនបន្ទាប់ពីទទួលបានច្បាប់ចំលងត្រឹមត្រូវនៃសេចក្ដីបង្គាប់។ ប៉ុន្តែប្រសិនបើមិនមានភាគីណាមួយដាក់ពាក្យប្ដឹងជំទាស់ទៅនឹងសេចក្ដីបង្គាប់នោះទេ សេចក្ដីបង្គាប់នឹងអាចអនុវត្ដបាន ហើយភាគីទាំងពីរជាប់កាតព្វកិច្ចអនុវត្ដសេចក្ដីបង្គាប់នេះ។ ដើម្បីដាក់ពាក្យប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់ ភាគីវិវាទត្រូវជូនដំណឹងដល់លេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាលាយលក្ខណ៍អក្សរ ឬបំពេញបែបបទនៅការិយាល័យរបស់លេខាធិការដ្ឋាននេះ។ នៅពេលណាដែលការជំទាស់ត្រូវបានធ្វើឡើងហើយ សេចក្ដីបង្គាប់នឹងក្លាយជាមោឃៈហើយភាគីទាំងពីរមានសិទ្ធិធ្វើកូដកម្ម ឬផ្អាកសកម្មភាពការងារ (ឡុកអៅ)។ ក្នុងករណីនេះ ភាគីវិវាទទាក់ទងនឹងសិទ្ធិអាចជ្រើសរើសវិធីដោះស្រាយវិវាទរបស់ពួកគេតាមរយៈតុលាការ។
៣. ការដោះស្រាយដោយស្ថាប័នតុលាការ៖ ដោយហេតុថាតុលាការ គឺជាស្ថាប័នមានសមត្ថកិច្ចដោះស្រាយលើវិវាទទាំងអស់ ហេតុដូចនេះ ចំពោះវិវាទការងាររួម ក្រោយពីមានការចេញសេចក្ដីបង្គាប់ពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ភាគីអាចធ្វើការប្ដឹងជំទាស់នឹងសេចក្ដីបង្គាប់នោះមកស្ថាប័នតុលាការតាមបែបបទ និងកំឡុងពេលដែលកំណត់ដោយច្បាប់។ មានន័យថា ភាគីអាចប្ដឹងមកសាលាដំបូងរាជធានី ខេត្ដ ដែលមានសមត្ថកិច្ច ហើយវិវាទនេះ តុលាការនឹងដោះស្រាយដោយប្រើប្រាស់យន្ដការតាមក្រមនីតិវិធីរដ្ឋប្បវេណី។
រៀបរៀងដោយ៖ លោក ថន យូសៀង និងលោក រ៉ាត់ ចាន់ធី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group។