(កំពង់ចាម)៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់កំពង់ចាម នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានចាប់ខ្លួនជនជាតិវៀតណាមម្នាក់ ដែលចូលមកស្នាក់នៅដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ហើយបម្រុងដើររកការងារធ្វើ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចជំនាញបានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ឈ្មោះ PHAN QUANG VINH អាយុ៣២ឆ្នាំ នៅចំណុចភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ពីបទស្នាក់ខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ហើយបានបញ្ជូនមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីអនុវត្តបន្ត។
ក្រោយបញ្ជូនដល់ការិយាល័យជំនាញ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងទទួលផែនអន្ដោប្រវេសន៍, លោកវរសេនីយ៍ឯក ឈួន ចាន់ឡា នាយការិយាល័យ ដែលដឹកនាំការសួរចម្លើយនេះ បានពិនិត្យ និងរកឃើញថា ជនបរទេសរូបនេះមានស្រុកកំណើត ស្រុកយ៉ាឡឹម ក្រុងហាណូយ ប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងរកការងារធ្វើ (ពុំមានឯកសារសម្គាល់ខ្លួន ឬលិខិតឆ្លងដែនឡើយ)។
ដោយមានការយល់ព្រមពីលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានអនុញ្ញ្ញាតឲ្យបញ្ជូនជនបរទេសរូបនេះ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់បន្ដតាមនីតិវិធី៕