(ភ្នំពេញ)៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានទទួលពានរង្វាន់ «ស្ថាប័នដែលមានភាពច្នៃប្រឌិតបំផុតផ្នែកប្រព័ន្ធឌីជីថល» ពីកម្មវិធី «ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាកម្ពុជា ឆ្នាំ២០១៩» ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ការផ្តល់ពានរង្វាន់នេះ បានធ្វើឡើងស្របពេល ដែលក្រុមហ៊ុនផ្តល់សេវាកម្មធនាគារចល័តឈានមុខគេវីង បានបង្ហាញផលិតផល និងសេវាកម្មឌីជីថល ដែលប្រកបដោយភាពច្នៃប្រឌិត នៅពិព័រណ៍បច្ចេកវិទ្យាធំបំផុតនៅកម្ពុជា ដែលមានឈ្មោះថា «ឌីជីថលកម្ពុជា» នៅកោះពេជ្រ ថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងកម្មវិធីទទួលពានរង្វាន់ អគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូស បានថ្លែងថា វាគឺជាមោទនភាពមួយ របស់ធនាគារឯកទេសវីង ដែលបានបម្រើសេវាកម្ម ដល់អតិថិជនកម្ពុជា ក្នុងអំឡុងពេល១០ឆ្នាំ កន្លងមកនេះ ដោយផ្តល់ជូននូវបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទំនើប តែមានលក្ខណៈសាមញ្ញ ដោយបាននាំអតិថិជនទៅកាន់ពិភពថ្មីមួយ នៃសេវាធនាគារចល័ត ពិសេសក្រុមប្រជាជនមិនធ្លាប់ប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុធនាគារ។

លោក ម៉ាឡូឡូស បានបន្តថា «ពានរង្វាន់នេះ ពិតជាភ័ស្តុតាងមួយដែលបង្ហាញថា វីងគឺជាក្រុមហ៊ុនដែលនាំយកការច្នៃប្រឌិតបច្ចេកវិទ្យាឌីជីថល ចុងក្រោយបំផុតសម្រាប់ប្រទេសកម្ពុជា ដោយបើកលទ្ធភាពជាច្រើន សម្រាប់ប្រជាជនកម្ពុជា មិនថាទៅលើអាជីវកម្មរបស់ពួកគេ ឬជីវភាពប្រចាំថ្ងៃរបស់ពួកគេឡើយ។ សម្រាប់អតិថិជនដែលចង់ជ្រាបច្បាស់អំពីផលិតផល និងសេវាកម្មរបស់វីង ពួកគេក៏អាចមកកាន់បញ្ជរវីង នៅក្នុងកម្មវិធីពិព័រណ៌ ឌីជីថល កម្ពុជាផងដែរ។

អគ្គនាយកធនាគារឯកទេសវីង រូបនេះ បានបញ្ជាក់ថា វត្តមានរបស់វីង នៅក្នុងពិព័រណ៌បច្ចេកវិទ្យា «ឌីជីថលកម្ពុជា» មានគោលបំណងធ្វើឲ្យប្រជាជនកាន់តែខិតជិត ទៅកាន់បច្ចេកវិទ្យាចុងក្រោយបំផុត ជាពិសេសបច្ចេកវិទ្យា ហិរញ្ញវត្ថុ ព្រោះធនាគារឯកទេសវីងជឿជាក់ថា ប្រជាជនកម្ពុជានឹងត្រៀមខ្លួនរួច ជាស្រេចសម្រាប់សេដ្ឋកិច្ចឌីជីថល ដែលរដ្ឋាភិបាលកម្ពុជា មានបំណងសម្រេចបាននៅឆ្នាំ២០២៣។

លោក ចូចូ ម៉ាឡូឡូស ក៏បានឲ្យដឹងថា អ្នកចូលរួម ឬ ក្រុមហ៊ុនឯកជន អាចស្វែងរកការពិគ្រោះយោបល់ ជាច្រើនទាក់ទង នឹងផលិតផល និងសេវាកម្មរបស់វីង ជាពិសេសរបៀបដែលធនាគារឯកទេសវីង អាចជួយរៀបចំ ការទូទាត់អាជីវកម្ម របស់ពួកគាត់ឲ្យកាន់តែមានភាព រហ័សងាយស្រួល និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាកម្ពុជា ដែលរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (NIPTICT) ត្រូវបានបង្កើតឡើង ចាប់ពីឆ្នាំ២០១៥ គឺជាការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាគមនាគមន៍ជាតិធំបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានគោលបំណងបង្ហាញពីសមិទ្ធផល និងជោគជ័យនៃការច្នៃប្រឌិត ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា (ICT) នៅកម្ពុជា៕