(ភ្នំពេញ)៖ ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ទឹកស្អាត របស់ប្រជាជន កាន់តែច្រើនឡើងជាលំដាប់ពី១ឆ្នាំទៅមួយឆ្នាំនោះ, នៅចុងឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសង្កាត់បាក់ខែ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយប្រើប្រាស់ថិវកា៣៥០លានដុល្លារ អាចផ្គត់ផ្គង់ទឹកបាន៤០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។
លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា រោងចក្រផលិតទឹកស្អាតថ្មីនេះ មានសមត្ថភាពរហូតដល់៤០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ចែកចេញជា២ជំហ៊ាន ដែលជំហ៊ានទី១ ជាផលិតទឹកស្អាតបានជិត២០ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ទុនវិនិយោគទាំងបំពង់មេនាំទឹក ប្រមាណ២៣០លានដុល្លារ និងជំហ៊ានទី២ ទុនវិនិយោគ១២០លានដុល្លារ។
លោកអគ្គនាយកបញ្ជាក់ថា «សម្រាប់ការសាងសង់ជំហ៊ានទី១នេះ គឺកំពុងស្ថិតក្នុងដំណាក់កាល ដាក់ដេញថ្លៃជាអន្តរជាតិ ដើម្បីស្វែងរកក្រុមហ៊ុនធានាសាងសង់ ហើយដំណើរការសាងសង់អាច នឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ ចំពោះប្រភពថវិកានៃការសាងសង់ គឺទទួលបានហិរញ្ញប្បទាន ពីទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) ធនាគារវិនិយោគអឺរ៉ុប (EIB-European Investment Bank ) និងថវិកាបដិភាគរបស់រដ្ឋាករទឹកភ្នំពេញ»។
លោកបន្ថែមថា រោងចក្រផលិតទឹកនេះ នឹងត្រូវប្រើប្រាស់រយៈពេលសាងសង់៣ឆ្នាំ៩ខែ ដែលអាចនឹងដំណើរការផលិតទឹក នៅឆ្នាំ២០២២។ ទន្ទឹមគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏គ្រោងនឹងសាងសង់រោងចក្រផលិតទឹកស្អាត នៅក្រុងតាខ្មៅផងដែរ។
បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកចំនួន៤ ក្នុងនោះរោងចក្រមួយ កំពុងតែសាងសង។ រោងចក្រទាំង៤នេះមានសមត្ថភាព ត្រឹមតែ៥៦ម៉ឺនម៉ែត្រគូបប៉ុណ្ណោះក្នុង១ថ្ងៃ ហើយសព្វថ្ងៃបានផ្គត់ផ្គង់ ចេញពីរោងចក្រ៣រួមមាន៖ រោងចក្រភូមិព្រែក, រោងចក្រជ្រោយចង្វា និងរោងចក្រនិរោទិ៍។
ពីមួយឆ្នាំទៅមួយឆ្នាំ សេចក្ដីត្រូវការទឹកកើនឡើងជាលំដាប់ ជាក់ស្ដែងក្នុងឆ្នាំ២០១៤ រាជធានីភ្នំពេញ ត្រូវបានផ្គត់ផ្គង់ទឹកត្រឹមតែ១៦៣លានម៉ែត្រគូបក្នុង១ឆ្នាំ , ឆ្នាំ២០១៥ កើនឡើងដល់១៧៨ លានម៉ែត្រគូបក្នុង១ឆ្នាំ, ឆ្នាំ២០១៦ កើនដល់១៩៩លានម៉ែត្រគូបក្នុងមួយឆ្នាំ, ចំណែឆ្នាំ២០១៧ កើនឡើងដល់២០៦លានម៉េត្រគូបក្នុងមួយឆ្នាំ ហើយឆ្នាំ២០១៨ លើសពី២០៦លានម៉ែត្រគូប ហើយផែនការក្នុងឆ្នាំ២០១៩ ត្រូវផ្គត់ផ្គង់២៥០លានម៉ែត្រគូបក្នុង១ឆ្នាំ និងក្រោយឆ្នាំ២០២៥ រាជធានីភ្នំពេញ មានតម្រូវការ១លានម៉ែត្រគូបក្នុង១ថ្ងៃ៕