(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Kraipope Jarupaiboon វេជ្ជបណ្ឌិតផ្នែកជំងឺមហារីកសុដន់ បានឲ្យដឹងថា បច្ចុប្បន្ននេះអត្រានៃការយល់ដឹងពី ជំងឺមហារីកសុដន់របស់ស្រ្ដីកម្ពុជា នៅមានកម្រិតទាបនៅឡើយ។ ការយល់ដឹងទាបនេះហើយបានធ្វើឲ្យស្រ្ដី មានអត្រាមរណៈខ្ពស់ដោយសារជំងឺនេះ។
លោកវេជ្ជបណ្ឌិត Kraipope Jarupaiboon ឲ្យដឹងថា «ជំងឺមហារីកសុដន់នៅកម្ពុជាឃើញថា អត្រាភាគរយកើនឡើងជាងកាលពីប៉ុន្មានឆ្នាំកន្លងទៅ ហើយនេះជាកត្តាព្រួយបារម្ភដ៏ធំមួយដែរ។ ដោយឡែកសម្រាប់ការយល់ដឹងពី ជំងឺនេះរបស់ស្រ្ដីកម្ពុជាមានកម្រិតទាបនៅឡើយដោយសារតែ មានស្រ្ដីកម្ពុជាតិចតួចបំផុតដែលបានមកពិនិត្រសុដន់ស្វែងរកជំងឺនេះ»។
លោកវេជ្ជបណ្ឌិតឲ្យដឹងទៀតថា ក្រៅពីប្រទេសថៃកម្ពុជាក៏ជាប្រទេសមានអ្នក កើតជំងឺមហារីកសុដន់ច្រើន ដោយសារតែជំងឺនេះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយការព្យាបាលជំងឺមហារីកសុដន់នៅកម្ពុជា ក៏នៅមានកម្រិតមួយទាបនៅឡើយទេ បើប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាង។
លោកវេជ្ជបណ្ឌិតបន្ដថា ដើម្បីការពារនិងដឹងទាន់ពេលវេលាថា តើយើងកើតជំងឺមហារីកសុដន់ ឬអត់គឺត្រូវទៅពិនិត្រសុដន់ឲ្យបានជារៀងរាល់ឆ្នាំ ដោយតាមរយៈការថតមាំម៉ូក្រាម ឬពិនិត្យសុដន់ដោយខ្លួនឯង។
លោកបន្ដថា មានកត្តាហានីភ័យជាច្រើនអាចបង្កឲ្យ កើតជំងឺមហារីកសុដន់រួមមាន៖ កត្តាស៊ែន, កត្តាប្រើប្រាស់គ្រឿងស្រវឹងច្រើន, ការជក់បារី, ការស្រប់ផ្សែងបារី, ការទទួលទានអាហារមានជាតិខ្លាញ់ច្រើនពេក, កង្វះការហាត់ប្រាណ, ការប្រើប្រាស់ថ្នាំពន្យារកំណើត (ថ្នាំលេប) លើសពី៥ឆ្នាំជាដើម។
ក្នុងនោះដែរលោកស្រីវេជ្ជបណ្ឌិត Yingchi Wang វេជ្ជបណ្ឌិតផ្នែករោគស្រ្ដី បានចូលរួមចែករំលែកដល់សារធារណជនយល់ដឹងពីជំងឺ និងការព្យាបាលជំងឺដុំសាចក្នុងស្បូននិងការជ្រើសរើយកការព្យាបាលឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត Yingchi Wang ឲ្យដឹងថា «សម្រាប់អ្នកកើតជំងឺដុំសាចក្នុងស្បូន ឬដៃស្បូនសូមជ្រើសរើសយកវិធីសាស្រ្ដ ក្នុងការចោះជាមួយឧបករណ៍ទំនើប ដែលជួយឲ្យជំងឺនេះជាឆាប់រហ័ស, មានសុវត្ថិភាពខ្ពស់, ការបន្ថយការបាត់បង់ឈាម, ផលវិបាកនៃការចោះនេះមានតិចតួច និងធ្វើឲ្យស្នាមរបួសតូច»៕
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឲ្យដឹងថា អត្រាអ្នស្លាប់ដោយសារជំងឺមហារីកមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់ពោលគឺប្រមាណ៨,២លាននាក់ក្នុង១ឆ្នាំ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះបង្កឡើងដោយជំងឺមហារីកមួយដូចជា៖ មហារីកសួត, មហារីកថ្លើម, មហារីកសុដន់ជាដើម ហើយជំងឺមហារីកសុដន់ជាប្រធានបទថ្មី ដែលមានការចាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានទូទាំងលើពិភពលោក៕