(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន២៧៩នាក់ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋប្រមាណជាង៥ពាន់នាក់ នៅសាលាបឋមសិក្សារបៀប ភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ព្រមទាំងមានចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយមានការចូលរួមសហការពីលោក អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ លោក ហោ ប៊ុនហួរ អភិបាលស្រុកររវៀង លោក អ៊ុ សុភឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុករវៀង ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺលោកគ្រូ និងអ្នកគ្រូពេទ្យ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។
ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
សូមជម្រាបជូនថា ក្នុងរយៈពេល ៧ឆ្នាំ(២០១២-២០១៩) គិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន១៧០លើកមកហើយ ដោយមានគ្រូពេទ្យចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ហើយបានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន៤០៦,៩៥៩នាក់ (សែសិបម៉ឺនប្រាំមួយពាន់ប្រាំបួនរយហាសិបប្រាំបួននាក់) ក្នុង១៧រាជធានីខេត្ត។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋតាមមូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់លោក ហ៊ុន ម៉ានី ដោយលោកបានគាំទ្រ ណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពល ដើម្បីអោយសកម្មភាពមនុស្សធម៌នេះ កើតមានក្នុងន័យចង់ឃើញ ជនរួមជាតិមានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ដែលទាំងអស់នេះកើតចេញពីការតស៊ូ ការបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ពេលវេលា និងស្មារតីរបស់វិរថ្នាក់ដឹកនាំរបស់យើងជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបិតាសន្តិភាពនៃកម្ពុជា ដែលបានផ្តល់ភាពសុខសាន្តដល់ប្រជាជន ដោយសម្តេចមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិចេញពីផេះផង់ នៃរបបមហន្ធការឲ្យមានការរើកចំរើនដូចសព្វថ្ងៃ មានការផ្សះផ្សាបង្រួបបង្រួមជាតិ មានស្ថិរភាពជាតិ និងមានសុខសន្តិភាពពិតប្រាកដ។
ដូចសព្វដងដែរ ប្រជាពលរដ្ឋសប្បាយរីករាយស្វាគមន៍ និងត្រេកអរឥតឧបមារចំពោះសកម្មភាពចុះពិនិត្យព្យាបាលនេះ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ និងសូមគោរពជូនពរបងប្រធាន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តន៍៕