(សៀមរាប)៖ កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន ក្នុងទីតាំងខារ៉ាអូខេមួយកន្លែង យីហោ «SC» ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយឃាត់ខ្លូនមនុស្ស៣០នាក់។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ។
ជាក់ស្ដែងការបង្ក្រាបនៅយប់មិញនេះ ក្រោមការបញ្ជាពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងស្ថិតក្រោមការសម្របសម្រួលពី លោក ថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។
បើតាមលោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅទីតាំងខារ៉ាអូខេ SC នេះកម្លាំងជំនាញ ឃាត់ខ្លួនបានមនុស្ស៣០នាក់ (ស្រី០៧នាក់) ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន២១កញ្ចប់, ថ្នាំញៀន អិចស្តាស៊ី៩គ្រាប់ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ចាត់ការបន្ដតាមនីតិវិធី៕