(កូរ៉េខាងត្បូង)៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សាលាក្រុងអានសាន និងសមាគមខ្មែរនៅសាធារណរដ្ឋកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍មហាសង្រ្កាន្ដខ្មែរនៅកូរ៉េជាលើកទី៣ នាថ្ងៃទី១០ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។
ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ នឹងបានជួបជុំសប្បាយរីករាយជាថ្មីជាមួយកម្មវិធីដ៏ធំប្រចាំឆ្នាំនេះ ក្នុងនោះក៏មានរៀបចំកម្មវិធីមួយចំនួនទៀត ដូចជាពិធីសាសនា ក្បួនព្យុះហយាត្រាសិល្បៈប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ និងទស្សនាការតាំងពិព័រណ៍ម្ហូប អារហារ នំបង្អែមខ្មែរ ហើយជាពិសេសសប្បាយរីករាយជាមួយក្រុមសិល្បករ-សិល្បការិនីទៅពីកម្ពុជា និងក្រុមសិល្បៈខ្មែរនៅប្រទេសកូរ៉េផងដែរ។
តើបងប្អូនត្រៀមខ្លួនហើយឬនៅ? កុំភ្លេចណាចូលរួមដោយសេរីទាំងអស់គ្នា ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅទីក្រុងអានសាន ពហុកីឡាដ្ឋាន WA Stadium ឬតាមខ្សែរថភ្លើងលេខ៤ ចំណតឈូជី ច្រកលេខ១ បត់ស្ដាំ ដើរត្រង់ចម្ងាយត្រឹមតែ ៤០០ម៉ែត្រ។
សូមស្វាគមន៍មកកាន់ព្រឹត្តិការណ៍មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ ឆ្នាំ២០១៩!