(ភ្នំពេញ)៖ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីជាង១៧ម៉ឺនហិកតា ប្រមូលផលគ្រាប់ស្វាយចន្ទីបាន១៣៦,០៩៤តោន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមគ្រាប់ស្វាយចន្ទីដែលប្រមូលផលបាន ចំនួន១០ភាគរយ ត្រូវបានកែច្នៃសម្រាប់បំពេញតម្រូវការក្នុងស្រុក, ២០ភាគរយកែច្នៃនាំចេញ និង៧០ភាគរយនាំចេញគ្រាប់ ទៅប្រទេសវៀតណាម។
លោករដ្ឋមន្ត្រីបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ កម្ពុជាមានសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីតូចៗជាច្រើនកន្លែង ចំណែកឯករោងចក្រកែច្នៃធំៗមានប្រហែល៤ នៅខេត្តកំពង់ធំ កំពង់ចាម ព្រះវិហារ និងត្បូងឃ្មុំ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ពាក់ព័ន្ធនឹងទិន្នផលស្វាយចន្ទី យើងទុកប្រើប្រាស់ក្នុងស្រុកខ្លួនឯងប្រហែល១០ភាគរយ និងនាំចេញដោយខ្លួនឯងប្រហែល២០ភាគរយ និងសល់៧០ភាគរយនាំចេញ ទៅប្រទេសវៀតណាម។ យើងបានធ្វើកិច្ចសន្យាជាមួយភាគីវៀតណាម ក្នុងការបង្កើនការផលិតស្វាយចន្ទី ដើម្បីផ្គត់ផ្គង់រោងចក្រ នៅប្រទេសវៀតណាម ដែលត្រូវការ១ឆ្នាំ១លានតោន ដូច្នេះដើម្បីធ្វើការនេះបានល្អប្រសើរ ភាគីទាំង២ បានឯកភាពគ្នាត្រូវបង្កើតគណៈកម្មការ ដើម្បីធ្វើការសម្របសម្រួល ឆ្លើយតបនូវអ្វីដែលយើងបានចុះកិច្ចព្រមព្រៀងជាមួយគ្នា»។
សូមជម្រាបថា ក្រសួងកសិកម្ម កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារ សិក្សាជួយជំរុញការអភិវឌ្ឍ លើដំណាំស្វាយចន្ទីនៅកម្ពុជា ក្នុងគោលបំណងជំរុញការងារ កម្មវិធីឲ្យបានសម្រេចនូវ ទិន្នផលគ្រាប់ស្វាយចន្ទីស្រស់លើបរិមាណ ១លានតោននៅឆ្នាំ២០២៩ខាងមុខ៕