(ភ្នំពេញ)៖ លោក សោម អូន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីបានដឹកនាំគណប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ចំនួន៥រូប ទៅបំពេញទស្សនកិច្ចរយ:ពេល៥ថ្ងៃនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរយ:ពេល៥ថ្ងៃនេះ លោក សោម អូន និងគណប្រតិភូអមដំណើររបស់សភាសម្ព័នធឋសហជីពជាតិកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់សហព័ន្ធសហជីពឡាវ-LFTU ។
នៅក្នុងឱកាសនោះ លោក សោម អូន និងគណប្រតិភូសហជីពកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Pan Noymany ប្រធានសហព័ន្ធសហជីពឡាវ-LFTU និងជាសមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃសហជីពប្រទេសទាំង២ ។
សហព័ន្ឋសហជីពឡាវ ក៏បានរៀបចំកិច្ចប្រជុំទ្វេរភាគីផងដែរដែលមានថ្នាក់ដឹកនាំ NACC ចំនួន៥រូប និងថ្នាក់ដឹកនាំសហជីពឡាវចំនួន៥រូប ។ កិច្ចប្រជុំទ្វេរភាគីនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានឯកភាពគ្នាទៅលើគោលការណ៍៦ចំនុច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តនៃភាគីទាំង២។
គណប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានអញ្ជើញទៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ ដើម្បីជួបសម្ដែងការគួរសម ផងដែរ។
លោក គៀត សត្ថារ៉ាឌី ទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ តំណាងលោក ចេង ម៉ានិត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រចាំប្រទេសឡាវ បានស្វាគមន៍ និងគាំទ្រចំពោះទំនាក់ទំនាក់សហជីពប្រទេសទាំង២ និងជំរុញឲ្យសហជីពប្រទេសទាំង២ ពង្រឹងកិច្ចសហការបន្ថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជនប្រទេសទាំង២។
គណប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានបន្តធ្វើដំណើរតាមយន្តហោះពីទីក្រុងវៀង ច័ន្ទ ទៅខេត្តលួងប្រាបាង ដែលជាខេត្តអតីតទីក្រុងចំណាស់បានបង្កើតឡើងតាំងពីសតវត្សទី១៣ នៃ គ.ស។ សហជីពខេត្តលួងប្រាបាង បានស្វាគមន៍គណប្រតិភូសហជីពកម្ពុជា ប្រកបដោយភាតរភាព និងបានរៀបចំកម្មវិធីសម្រាប់គណប្រតិភូសហជីពកម្ពុជា ទស្សនកិច្ចនៅតាមតំបន់ទេសចរណ៍មួយចំនួន ដូចជាតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ។
សូមបញ្ជាក់ថា យោងតាមការអញ្ជើញរបស់សហព័ន្ធសហជីពឡាវ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានរៀបចំគណប្រតិភូចំនួន៥រូប ដឹកនាំដោយលោក សោម អូន ទៅបំពេញទស្សនកិច្ចជាផ្លូវការរយ:ពេល៥ថ្ងៃ នៅទីក្រុងវៀងច័ន្ទ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដែលនេះជាការផ្លាស់ប្តូរគណប្រតិភូលើកទី៣ ចាប់តាំងពីឆ្នាំ២០១៣៕