(សេអ៊ូល)៖ ទោះបីជាបានវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញក្តី ក៏ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ិន ដែលបានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជានោះ ហាក់នៅមិនទាន់ដាច់អាល័យពីទឹកដីអង្គរដ៏អច្ឆរិយៈនោះដែរ ខណៈលោកបានបង្ហោះសារនៅលើគណនីបណ្តាញសង្គម Twitter របស់លោក កោតសរសើរពីភាពអស្ចារ្យនៃទឹកដីតំបន់ប្រាសាទបុរាណខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នាយប់ថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០១៩។
លោក មូន ចេអ៉ិន បានសរសេរសារបង្ហោះនៅ Twitter ប្រកបដោយអត្ថន័យធំធេងឲ្យមនុស្សរាប់លាននាក់លើពិភពលោក ជាពិសេសប្រជាជនកូរ៉េខាងត្បូងបានឃើញយ៉ាងដូច្នេះថា «ការឈរនៅចំពោះមុខប្រាសាទអង្គរវត្ត អាចជាការគោរពដល់ប្រជាជនកម្ពុជាកាន់តែជ្រាលជ្រៅបន្ថែមទៀត...។ អង្គរវត្តគឺជាអតីតកាលរបស់ប្រទេសកម្ពុជា ហើយនៅពេលជាមួយគ្នានេះ ប្រាសាទនេះក៏ជាអនាគតរបស់កម្ពុជាដែរ...។ ខ្ញុំជឿជាក់ថា អព្ភូតហេតុដ៏អស្ចារ្យនៃទន្លេមេគង្គនឹងក្លាយជាការពិត...»។
គួរបញ្ជាក់ថា កាលពីកំឡុងពេលបំពេញទស្សនកិច្ចនៅប្រាសាទអង្គរវត្ត លោក មូន ជែអ៉ិន បានសម្តែងការភ្ញាក់ផ្អើល និងងឿងឆ្ងល់ផងដែរ ចំពោះសំណង់ដ៏មហិមា ដែលបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ព្រោះតែភាពល្បីល្បាញបំផុតនៅលើលោកនៃប្រាសាទមួយនេះ។ មគ្គុទេសទេសចរណ៍ដែលនាំដំណើរលោក មូន ចេអ៉ិន ក៏បានបញ្ជាក់ផងដែរថា លោកប្រធានាធិបតីកូរ៉េខាងត្បូងបានសាកសួរអំពីដំណើរការនៃការកសាងប្រាសាទ និងប្រភពនៃថ្មដ៏ច្រើនមហិមា ដែលបានយកមកកសាងប្រាសាទនេះថែមទៀតផង៕