(កំពង់ឆ្នាំង)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវមើលឲ្យឃើញនូវតម្លៃសុខសន្ដិភាព ហើយត្រូវរក្សាតម្លៃនយោបាយឈ្នះឈ្នះ ព្រោះបើគ្មានសន្ដិភាពនេះទេ យើងមិនអាចធ្វើអ្វីបាននោះទេ សូម្បីតែនៅក្នុងផ្ទះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់អំពាវនាវដល់ប្រជាជនទូទាំងប្រទេស ឱ្យយកចិត្តទុកដាក់មើលឱ្យឃើញនូវតម្លៃនៃសុខសន្តិភាព និងមើលឱ្យឃើញនូវតម្លៃដែលយើងទទួលបានពីសុខសន្តិភាព ដែលយើងរកមកដោយលំបាក ហើយជាងនេះទៅទៀត ត្រូវរក្សានូវតម្លៃនៃនយោបាយឈ្នះឈ្នះ រយៈពេល២០ឆ្នាំកន្លងទៅរួចទៅហើយ គ្មានសន្តិភាព យើងពិតជាមិនអាចធ្វើអ្វីៗបានទេ កុំថាឡើយវិស័យទេសចរ សម្បីតែរស់នៅក្នុងផ្ទះសម្បែង ក៏មិនអាចនៅបានដែរ ព្រោះត្រូវរត់លូនជាប្រចាំ»។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចក៏បានបញ្ជាក់ផងដែរថា កម្ពុជាពិតជាលំបាកណាស់ ក្នុងពេលមានសង្រ្គាម កន្លងទៅ ហើយទម្រាំរកបានដូចសព្វថ្ងៃនេះ។ សម្តេចបានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង កាលពី៣០ឆ្នាំមុន ក៏ជាតំបន់សង្រ្គាម រវាងកងទ័ពរបស់សម្តេច និងខ្មែរក្រហមផងដែរ ហើយឥឡូវខេត្តនេះ បានក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ តំបន់សន្តិភាព រហូតដល់មានការដណ្តើមដីគ្នាទៀតផង។
សម្តេចជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវការពារសន្តិភាពឱ្យខាងតែបាន ដើម្បីកុំឱ្យទន្លេរបស់យើង ក្លាយទៅជាទន្លេដែលរងគ្រោះដូចពីអតីតកាល។
ប្រទេសកម្ពុជា បានឆ្លងកាត់សង្រ្គាមស៊ីវិលរយៈពេលជាច្រើនទសវត្ស បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់ សម្តេច នរោត្តម សីហនុ កាលពី១៨ មីនា ឆ្នាំ១៩៧០ ដោយលោក លន់ នល់ ។ បន្ទាប់មកកងខ្មែរក្រហម បានផ្តួលរំលំរបបសាធារណរដ្ឋកម្ពុជា នៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ បង្កើតជារបបកម្ពុជាប្រជាធិបតេយ្យ។ ក្រោយមកទៀត របបខ្មែរក្រហម ដែលដឹកនាំដោយប៉ុលពត ក៏ត្រូវបានផ្តួលរំលំដោយ កងទ័ពរណសិរ្យសង្រ្គោះជាតិកម្ពុជា ក្រោមការចូលរួមពីកងទ័ពស្ម័គ្រចិត្តវៀតណាម កាលពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
បើទោះបីជារបបខ្មែរក្រហមបានដួលរលំ នៅឆ្នាំ១៩៧៩ក៏ដោយ សង្រ្គាមនេះមិនទាន់បញ្ចប់នៅឡើយទេ គឺបានអូសអន្លាយនៅតាមព្រំដែន រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ហើយបន្តប្រឈមមុខគ្នារហូតដល់ មាននយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យខ្មែរក្រហមចុះចូល បង្រួបបង្រួមជាតិទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ រហូតដល់ពេលនេះ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មានអាយុកាល២០ឆ្នាំ ៣ខែផងដែរ៕