(កំពង់ឆ្នាំង)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ បានលើកឡើងថា បុណ្យទន្លេលើកទី០៥នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដែលស្របនឹងបរិបទនៅពេលបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាល បាននិងកំពុងធានាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ ជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ថោង ខុន បានគូសបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាព បានជំរុញឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ ហើយក្នុងនោះវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» ក៏សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ។
រដ្ឋមន្ដ្រី ថោង ខុន បានបន្ថែមថា ពិធីបុណ្យទន្លេ ក៏ជាឱកាសដ៏ប្រសើរដើម្បីជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ការប្រលងប្រណាំងទីក្រុងស្អាតកម្ពុជា និងការប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន ការអភិវឌ្ឍផលិតផលទេសចរណ៍ តាមដងទន្លេ (River-based Tourism)។
ជាពិសេសការអភិវឌ្ឍនាវាទេសចរណ៍ តាមដងទន្លេមេគង្គ តាមស្តង់ដាអាស៊ាន (ASEAN Mekong River Cruise Standard) និងការអប់រំយល់ដឹង ជាសាធារណៈដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីសារៈប្រយោជន៍ នៃធនធានតាមដងទន្លេ ស្របតាមទស្សនទាន «ទន្លេរបស់យើង សម្រាប់ប្រជាជនយើង និងវិបុលភាព (Our River for Our People and Prosperity)»។
បើតាមលោករដ្ឋមន្ដ្រី ថោង ខុន នៅក្នុងពិធីបុណ្យទន្លេលើកទី០៥ ឆ្នាំ២០១៩នេះ គណៈកម្មការអន្តរក្រសួងបានរៀបចំឲ្យមានសកម្មភាពសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
* ទី១៖ ពិធីបំពាក់ឯកសណ្ឋាន និងមួកសុវត្ថិភាព ជូនបងប្អូនអ្នករត់ម៉ូតូឌុបប្រមាណ២០០នាក់ នៅក្រុងកំពង់ឆ្នាំង រៀបចំដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង។
* ទី២៖ កម្មវិធីដាំដើមឈើអនុស្សាវរីយ៍ ក្រោមទស្សនទាន «ទេសចរម្នាក់ ដើមឈើមួយដើម» «គូរស្រករមួយគូរ ដើមឈើមួយដើម»។ សម្តេចចៅហ្វាវាំង គង់ សំអុល បានអញ្ជើញជាអធិបតីក្នុងពិធីនេះ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
* ទី៣៖ សិក្ខាសាលាក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» និងការជូនរង្វាន់ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើម ដែលមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ អាជីវករ សិស្ស-និស្សិត និងភាគីពាក់ព័ន្ធប្រមាណ១,០០០នាក់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
* ទី៤៖ ពិធីក្រុងពាលីបួងសួង នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
* ទី៥៖ សកម្មភាពកីឡា រួមមាន ការរត់ប្រណាំងកម្សាន្ត ៣គីឡូម៉ែត្រ-៥គីឡូម៉ែត្រ ការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ កីឡាប្រណាំងរទះ កីឡាជិះកង់កម្សាន្ត ១០គីឡូម៉ែត្រ ប្រដាល់គុនខ្មែរ និងប្រដាល់សកល ចំបាប់បុរាណ កីឡាទាញព្រ័ត្រ កីឡាវាយសី និងការប្រណាំងទូកប្រពៃណី-ល-។
* ទី៦៖ ការប្រគំតន្ត្រី ការសម្តែងទស្សនីយភាពសិល្បៈ និងការបាញ់កាំជ្រួចអបអរសាទរ ព្រមជាមួយព្រឹត្តិការណ៍កម្សាន្តសប្បាយផ្សេងៗទៀតជាច្រើន។
* ទី៧៖ មហោស្រពម្ហូបអាហារខ្មែរ (Cambodian Gastronomy) ការរៀបចំវិថីម្ហូបអាហារ (Food Street) ដែលជាគំរូលើកដំបូង និងការតាំងពិព័រណ៍ផលិតផលខ្មែរ កសិ-ទេសចរណ៍ កសិកម្ម សិប្បកម្ម ដែលលើកនេះមានការចូលរួមច្រើនប្រមាណ៣៥០ស្តង់ នៃចំនួនស្តង់ សរុប៤០០ស្តង់ រួមជាមួយស្តង់ផលិតផលបរទេស ប្រមាណ៥០ស្តង់៕