(កំពង់ឆ្នាំង)៖ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានសហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័ត (គីមីចំណីអាហារ, ប្រេងឥន្ធនៈ) មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញហូបចុកចំនួន២៤មុខ តាមស្តង់ក្នុងពិធីបុណ្យទន្លេ និងស្ថានីយប្រេងឥន្ធនៈ ចំនួន០៨ស្ថានីយ/ដេប៉ូ នៅក្រុងកំពង់ឆ្នាំង។
មន្ដ្រីកាំកុងត្រូល ដែលចូលរួមប្រតិបត្តិការនេះ ប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការពិនិត្យទំនិញនេះ ពុំឃើញវត្តមានសារធាតុគីមីហាមឃាត់នោះឡើយ ព្រោះតែប្រជាពលរដ្ឋ និងក្រុមអាជីវករ កាន់តែមានការយល់ដឹងខ្ពស់ចំពោះបញ្ហាសុខភាព។
ប៉ុន្ដែក្នុងប្រតិបត្តិការពិនិត្យនៅតាមស្ថានីយប្រេងឥន្ធនៈវិញ មន្ដ្រីជំនាញរកឃើញថា ស្ថានីយ០៤ គឺពុំមានភាពអនុលោមផ្នែកបរិមាណឡើយ ខណៈ៤ស្ថានីយ៍ផ្សេងទៀត មានភាពអនុលោមទាំងបរិមាណ និងគុណភាព។
ក្រោយពិនិត្យឃើញយ៉ាងដូច្នេះថា មន្ដ្រីជំនាញរបស់កាំកុងត្រូល បានឲ្យម្ចាស់ស្ថានីយ/ដេប៉ូ ធ្វើកិច្ចសន្យាកែប្រែកំហុសឆ្គងទាំងនោះផងដែរ ហើយប្រសិនបើរកឃើញនៅពេលក្រោយទៀតនោះ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕