(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ នឹងដឹកនាំប្រជាពលរដ្ឋ នៅស្រុកកោះធំ ខេត្ដកណ្ដាល ជិត៧០០នាក់ មកជិះរថភ្លើងដំណើរកំសាន្ដពីភ្នំពេញ ទៅកាន់ខេត្ដកំពង់ឆ្នាំង ។
ការរៀបចំឲ្យប្រជាពលរដ្ឋកោះធំ ធ្វើដំណើរតាមរថភ្លើងនេះ ជាលើកទី៤ហើយ ដើម្បីជំរុញឲ្យមានការគាំទ្រ ការធ្វើដំណើរតាមរថភ្លើងភាគខាងជើងរាជធានីភ្នំពេញ (ភ្នំពេញ-ប៉ោយប៉ែត) ដែលរាជរដ្ឋាភិបាលកម្ពុជា បានតភ្ជាប់ឡើងវិញទាំងស្រុង កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្រោយពីខកខានដំណើរការអស់ជាច្រើនឆ្នាំមកនេះ។
ការនាំប្រជាពលរដ្ឋមកជិះរថភ្លើងនេះ ក៏ចង់បង្ហាញប្រជាពលរដ្ឋ ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញប្រព័ន្ធផ្លូវដែករបស់កម្ពុជា ដែលត្រូវបានខកខានដំណើរ និងបំផ្លាញចោលនៅក្នុងសម័យសង្គ្រាម។ បន្ថែមពីលើនេះទៀត ចង់ឲ្យប្រជាពលរដ្ឋក្នុងស្រុកកោះធំ បានស្គាល់រសជាតិនៃការធ្វើដំណើរតាមរថភ្លើង ដែលពួកគាត់ភាគច្រើន មិនដែលបានធ្វើដំណើរតាមផ្លូវរថភ្លើងនេះឡើយ។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។
កំណាត់ផ្លូវដែកចាប់ពីប៉ោយប៉ែត រហូតដល់រាជធានីភ្នំពេញ ត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញទាំងស្រុង កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល ៕