(ភ្នំពេញ)៖ ស្នេហារវាងភេទទី៣ ប្រុសស្រលាញ់ប្រុសមួយគូរ ដែលកើតឡើងរយៈពេលជាច្រើនឆ្នាំ បានឈានដល់ផ្លូវបំបែកដោយមិនដឹងហេតុផលច្បាស់លាស់ ទើបធ្វើឲ្យម្ខាងមានចិត្តខឹង យកទឹកអាស៊ីតជះលើគូរស្នេហ៍របស់ខ្លួន បណ្ដាលឲ្យរងរបួសពេញខ្លួនប្រាណ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឌាគារឡឺម៉ុងអគារ លេខ១៩៦ ផ្លូវលេខ៣០៤ ក្រុម៣៩ ភូមិ០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃុន កុសល អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មាន លេខផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន មុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ុង រងរបួសត្រង់មុខ និងដើមទ្រូង ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ដោយឡែក ជនសង្ស័យឈ្មោះ ឡាច សោភ័ណ្ឌ (ដើរតួស្រី) អាយុ៣៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលគ្មាន លេខផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ បានឲ្យដឹងថា គាត់បានស្រឡាញ់ និងរស់នៅជាមួយគ្នារយៈពេលជាង៣ឆ្នាំ ពោលពីដើមឡើយភាគីខាងប្រុសគ្មានលុយចាយ និងការងារទេ តែខ្លួនជាអ្នករកលុយឲ្យចាយ និងចេញថ្លៃបន្ទប់ជួលទៀត តែពេលមានការងារធ្វើបែរជាចង់ដោះដៃទៅវិញ។
ក្រោយមកមិនដឹងមូលហេតុអ្វីទេ ដៃគូជាមិត្តប្រុសសុំចែកផ្លូវ និងប្រាប់ថាក្រុមគ្រួសារខាងប្រុសឈប់ឲ្យទាក់ទងគ្នា និងឲ្យមានរៀបការជាស្រីផ្សេង មិនឯកភាពយកប្រុសដូចគ្នាទេ ហើយក៏ព្យាយាមសុំជួបគ្នាដោះស្រាយ និងផ្សាភ្ជាប់រឿងស្នេហាឡើងវិញតែនៅមិនអាច ទើបខ្លួនទៅទិញទឹកអាស៊ីតពីខេត្ត ក្នុងតំលៃជាង១០០ដុល្លារ យកដាក់ក្នុងដើមទឹកសុទ្ធ រួចជិះម៉ូតូឌុបសំដៅមកកន្លែងមិត្តប្រុសខ្លួនធ្វើការ នៅសណ្ឋាគារខាងលើ ពេលមកដល់ទូរស័ព្ទថា ឲ្យសុំជួបបន្តិចមកហើយយើងបែកគ្នាទៅចុះ តែខាងប្រុសនៅតែមិនចុះមកជួបតែខ្លួនខំអង្វរច្រើនដង ទើបខាងប្រុសព្រមចុះមកជួប ហើយក៏គ្រាន់តែឃើញខាងប្រុសភ្លាម ក៏យកទឹកអាស៊ីតក្នុងដៃបើកគំរបជះទៅលើមុខ និងខ្លួនគោលបំណងចង់ឲ្យខូចសម្រស់ ហើយត្រូវសមត្ថកិច្ចឃើញ និងចាប់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទ មនុស្សឃាតដោយចេតនា (ជះទឹកអាស៊ីត) កសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី៕