(ភ្នំពេញ)៖ កម្មវិធីសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា ២០១៩ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលរៀបចំដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) ដោយមានការគាំទ្រពីសំណាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ។
ក្នុងឱកាសនៃការបើកកម្មវិធីនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា «នេះជាលើកទីមួយ ដែលយើងរៀបចំសន្និសីទ និងពិព័រណ៍ ឌីជីថលកម្ពុជា ២០១៩ នៅក្នុងប្រទេស ដើម្បីប្រមូលផ្តុំគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់ ស្របនឹងអំឡុងពេលនៃការចាប់ផ្តើមអាណត្តិថ្មី ដែលជាអាណត្តិទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា បច្ចេកវិទ្យាឌីជីថល នឹងផ្តល់ឲ្យកម្ពុជានូវឱកាស ដើម្បីពង្រីកវិសាលភាព នៃការអភិវឌ្ឍចេញពីការអភិវឌ្ឍបែបប្រពៃណី ប៉ុន្តែវាត្រូវការពេល យ៉ាងហោចណាស់១០ឆ្នាំ ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលមួយដ៏ពេញលេញ។
លោក David Li នាយកប្រតិបត្តិ នៃក្រុមហ៊ុន Huawei Technologies (Cambodia) Co. , Ltd. បានថ្លែងថា ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្ត បន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា អស់រយៈពេល២០ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៩៩ម្ល៉េះ។ ឆ្នាំនេះ គឺជាខួប២០ឆ្នាំ របស់ក្រុមហ៊ុន Huawei នៅកម្ពុជា។
លោកថា វឌ្ឍនភាពជាមួយចក្ខុវិស័យ និងបេសកកម្មដ៏ច្បាស់លាស់របស់ក្រុមហ៊ុន Huawei ដោយការនាំយកឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ស្ថាប័ន ដើម្បីបណ្តាញតភ្ជាប់ដ៏ឆ្លាតវៃ និងកម្ពុជាដ៏ឆ្លាតវៃ ដែលស្របទៅនឹងប្រធានបទនៃសន្និសីទ និងពិព័រណ៍ឌីជីថលកម្ពុជា។
លោក David បានបន្តថា ក្នុងនាមជាអ្នកឧបត្ថម្ភធំដល់ «ឌីជីថលកម្ពុជា» ក្រុមហ៊ុន Huawei ជឿជាក់ថា «ឌីជីថលកម្ពុជា» ដែលបានផ្តួចផ្តើមដោយរាជរដ្ឋាភិបាលកម្ពុជា នឹងក្លាយជាវេទិកាដ៏អស្ចារ្យមួយ ដែលផ្តល់ឱកាសដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងវិស័យ ICT ដើម្បីផ្លាស់ប្តូរគំនិត និងក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនឹងជួយប្រទេសកម្ពុជា ឆ្ពោះទៅរកឧស្សាហកម្មជំនាន់ទី៤។
នាយកប្រតិបត្តិ នៃក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. រូបនេះ បានបន្ថែមទៀតថា ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវ នៃបច្ចេកវិទ្យា 5G ក្រុមហ៊ុន Huawei បានចាប់ផ្តើមការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា 5G នៅដើមឆ្នាំ២០០៩ ហើយបច្ចុប្បន្ននេះ Huawei គឺជាអ្នកផ្គត់ផ្គង់តែមួយគត់ ដែលអាចផ្តល់នូវប្រព័ន្ធបច្ចេកវិទ្យា 5G នេះ។
លោកថា ប្រទេសកម្ពុជា គឺជាទីផ្សារកំពុងរីកចម្រើន ដែលជាថាមពលដ៏អស្ចារ្យមួយ ក្នុងការផ្សារភ្ជាប់រវាងការច្នៃប្រឌិត និងអាជីវកម្ម។ ឆ្នាំ២០១៩ នឹងក្លាយជាឆ្នាំដ៏សំខាន់មួយ សម្រាប់បច្ចេកវិទ្យា 5G នៅកម្ពុជា។ ក្រុមហ៊ុន Huawei ដែលជាអ្នកផ្គត់ផ្គង់ឈានមុខគេ លើពិភពលោកនៃបច្ចេកវិទ្យា 5G នឹងជួយដល់ប្រតិបត្តិករទាំងអស់ ឲ្យសម្រេចក្តីសុបិន នៃបច្ចេកវិទ្យា 5G របស់ពួកគេ។
«យើងនឹងបន្តវិនិយោគបច្ចេកវិទ្យា 5G អ៊ីនធឺណិត Cloud AI និងឧបករណ៍ឆ្លាតវៃ ដើម្បីជួយអតិថិជនរបស់យើង បង្កើនអត្ថប្រយោជន៍ជាមួយ បច្ចេកវិទ្យាដ៏លេចធ្លោនេះ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក David។
នៅក្នុងកម្មវិធីនោះផងដែរ ក្រុមហ៊ុន Huawei ក៏ទទួលបានពានរង្វាន់ «Best Technology Vendor of the Year 2019» ដែលប្រគល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការវាយតម្លៃខ្ពស់ លើក្រុមហ៊ុន Huawei សម្រាប់ការប្តេជ្ញាចិត្ត រយៈពេល២០ឆ្នាំនេះ នៅក្នុងប្រទេសកម្ពុជា និងបានសម្តែងការកោតសរសើរចំពោះ ការឧបត្ថម្ភនិងការគាំទ្ររបស់ក្រុមហ៊ុន Huawei ក្នុងកម្មវិធី។
នៅថ្ងៃទី១ នៃកម្មវិធី គណៈប្រតិភូនៃរាជរដ្ឋាភិបាល និងវិស័យឯកជន ដូចជា៖ Smart, Metfone, Seatel, Cellcard, Kingtel, Singmeng, Cambo Tech បានធ្វើទស្សនកិច្ចស្តង់ នៃក្រមហ៊ុន Huawei ហើយបានបង្ហាញ ពីចំណាប់អារម្មណ៍យ៉ាងខ្លាំង លើបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន ដែលមានដូចជា បច្ចេកវិទ្យា 5G, Cloud Solution, VR game និងស្មាតហ្វូន Huawei 5G Mate X៕