(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរឆក់ម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ដោយកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ។ ជនសង្ស័យឈ្មោះ វឿន វ៉ាត អាយុ១៧ឆ្នាំ បានធ្វើសកម្មភាពនៅចំណុចការដ្ឋានសំណង់ ក្រុមហ៊ុន CSC ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឆក់កាបូបរបស់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរលើដងផ្លូវ។
ក្រោយពេលឃាត់ខ្លួនបាន រូបគេបានសារភាពឲ្យដឹងថា រូបគេបានទៅការដ្ឋានសំណង់ ក្រុមហ៊ុន CSC នៅចំណុចខាងលើ ក្នុងគោលបំណងទៅលេងពូរបស់ខ្លួន តែមិនបានជួបនោះទេ ហើយក៏បានឈរនិយាយគ្នាលេង ជាមួយអ្នកធ្លាប់ធ្វើការជាមួយគ្នា បន្ទាប់មករូបគេដើរត្រលប់មកវិញ បានឃើញបុរសម្នាក់ ដើរចូលក្នុងការដ្ឋាន មានការបូបលុយក្នុងហោប៉ៅអាវ រូបគេបានធ្វើសកម្មភាពឆក់តែម្តង ហើយត្រូវបានម្ចាស់កាបូបស្រែកឲ្យគេអែងជួយ តែត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ឃើញឃាត់ខ្លួនតែម្តង៕