(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា ក្នុងព្រឹត្តិការណ៍ ឌីជីថល កម្ពុជា ២០១៩ បានបង្ហាញពីការប្តេជ្ញាចិត្ត និងគោលជំហរយ៉ាងច្បាស់លាស់ ក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយឲ្យប្រទេសមួយនេះ សម្រេចបាននូវគោលដៅឌីជីថលរបស់ខ្លួន។
នៅក្នុងព្រឹត្តិការណ៍ដ៏ធំ និងមិនធ្លាប់មានពីមុនមកនោះ នាយកប្រចាំតំបន់ផ្នែកពង្រីកទីផ្សារ នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប លោក Phillip Wong បានថ្លែងថា «edotco ជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋា រចនាសម្ព័ន្ធទូរគមនាគមន៍ និងការវិនិយោគទុននៅតំបន់អាស៊ី ហើយបាននឹងកំពុងធ្វើប្រតិបត្តិការជាមួយដៃគូដ៏រឹងមាំ ក្នុងការជួយកសាងប្រទេសជាតិ លើវិស័យទូរគមនាគមន៍»។
លោកថា «យើងបានគាំទ្រដល់ចក្ខុវិស័យ ICT ឆ្នាំ២០២០ របស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវសេវាកម្ម និងដំណោះស្រាយ តាំងពីចាប់ផ្តើមរហូត ដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដល់អតិថិជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួម នៅក្នុងប្រទេស ហើយក៏ខិតខំរិះរកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលមាននៅក្នុងវិស័យនេះផងដែរ»។
លោក Phillip Wong បានបន្ថែមថា យើងប្តេជ្ញាក្នុងការធ្វើជាដៃគូ ជាមួយអាជ្ញាធរពាក់ព័ន្ធ រដ្ឋាភិបាល និងប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត ដើម្បីនាំយកមកនូវបច្ចេកវិទ្យាជំនាន់ថ្មី សម្រាប់ការតភ្ជាប់ទំនាក់ទំនង។ ការសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រព័ន្ធ ecosystem គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅក្នុងប្រទេស។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា «រាជរដ្ឋាភិបាល កម្ពុជា មានសង្ឃឹមយ៉ាងមុតមាំថា កម្ពុជានឹងមានបណ្តាញសេវាគ្របដណ្តប់ ១០០% នៅតំបន់ប្រជុំជន និង ៧០% នៅតំបន់ជនបទ (បណ្តាញអ៊ីធឺណិត ៨០%) នាឆ្នាំ ២០២០ខាងមុខ ហើយការសហការគ្នា និងការចូលរួមយ៉ាងសកម្ម និងជិតស្និទ្ធពីសំណាក់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធដែលមានជំនាញ គឺជាគន្លឹះដ៏សំខាន់ ដើម្បីធានាថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវ ដើម្បីសម្រេចបានគោលដៅដ៏ធំមួយនេះ»។
លោក ត្រាំ អ៊ីវតឹក បានបញ្ជាក់ថា តាមរយៈគំនិតផ្តួចផ្តើមរបស់ edotco ក្នុងការនាំមកនូវការ តភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយប្រកប ដោយភាពច្នៃប្រឌិតនេះ វាពិតជាបានបង្ហាញ ឲ្យឃើញកាន់តែច្បាស់ ពីការគាំទ្រចំពោះចក្ខុវិស័យ ICT របស់ប្រទេសកម្ពុជា។
លោកថា «យើងនៅតែបន្តរិះរក គ្រប់មធ្យោបាយទាំងអស់ ដើម្បីពង្រីកបណ្តាញគ្របដណ្តប់ តាមរយៈវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈពិសេស និងល្អ ឥតខ្ចោះដែលនឹងបំពេញបាននូវតម្រូវការនៃការតភ្ជាប់បណ្តាញមួយដ៏ជាក់លាក់»។
«សម្រាប់ជំហានទៅមុខជាបន្ត បន្ទាប់ទៀត ប្រតិបត្តិការរបស់ក្រុមហ៊ុនយើង នឹងបន្តផ្តោតលើការកាត់បន្ថយកាបូន ហើយផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធរួមដើម្បីជួយសម្រួលដល់ផែនការយុទ្ធសាស្ត្រ ឌីជីថល នៅក្នុងប្រទេសកម្ពុជា តាមរយៈការរួមបញ្ចូលនូវបច្ចេកវិទ្យាជំនាន់ថ្មី ដូចជាប្រព័ន្ធ small cells ប្រព័ន្ធ IBS និងដំណោះស្រាយសម្រាប់ទីក្រុងឆ្លាតវៃជាដើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់របស់កម្ពុជា ចំពោះបច្ចេកវិទ្យា 4G 4.5G និង 5G »។ នេះជាការអះអាង របស់លោក Phillip Wong។
ព្រឹត្តិការណ៍ដ៏ធំនេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។ ក្រុមហ៊ុន edotco ជាម្ចាស់ឧបត្ថម្ភដ៏ធំមួយ នៅក្នុងព្រឹត្តិការណ៍ Digital Cambodia ២០១៩ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែមីនា។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាជំហានថ្មីមួយ ឆ្ពោះទៅរកការរៀបចំប្រព័ន្ធសេដ្ឋកិច្ចឌីជីថល សម្រាប់ប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះ ក៏ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីសក្តានុពល និងកំណើន នៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក ក៏ដូចជាបង្កើតបណ្តាញទំនាក់ទំនង និងបណ្តាញអ៊ីនធឺណិតផងដែរ។ ដោយរំពឹងថា នឹងមានអ្នកចូលរួម ប្រមាណ២០,០០០នាក់ មកពីស្ថាប័នរដ្ឋាភិបាល ក្នុងបណ្តាប្រទេសអាស៊ាន ប្រតិបត្តិករទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា ធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ចថ្មី (startup) អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត៕