(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង។
ការប្រារព្ធពិធីបុណ្យទន្លេត្រូវបានរៀបចំធ្វើឡើងលើកដំបូងនៅខេត្តក្រចេះក្នុងឆ្នាំ២០១៥, លើកទី២ ធ្វើឡើងនៅខេត្តកំពង់ចាម (រាប់ទាំងខេត្តត្បូងឃ្មុំ), លើកទី៣ ធ្វើឡើងនៅខេត្តស្ទឹងត្រែង លើកទី៤ ធ្វើឡើងនៅខេត្តកណ្ដាល និងលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ។ ពិធីបុណ្យនេះធ្វើឡើងក្នុងគោលបំណងធំជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តម្ចាស់ផ្ទះ ពិសេសបំផុសស្មារតីចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ក្នុងក្របខណ្ឌជាតិ និង «ចលនាទីក្រុងទេសចរណ៍ស្អាតអាស៊ាន»។
ពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍» ដោយមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។
ក្នុងសារលិខិតចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍តាមដងទន្លេ បាននិងកំពុងរួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រុកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពាលោក និងប្រកបដោយភាពកក់ក្តៅ ស្របពេលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍មេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជាក៏ដូចជាតំបន់អាស៊ាន។
ក្នុងសារលិខិតនោះ សម្តេចតេជោ បន្តថា ទឹកទន្លេជាប្រភព នៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែងដែលបណ្តុះបណ្តាល និងពួនជ្រំនូវវប្បធម៌ និង អរិយធម៌។
«តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្តោយទន្លែ បន្តពូជពង្ស និងរស់នៅដោយបណ្តុំគ្នា ពីមួយជំនាន់ទៅមួយជំនាន់។ ទន្លេជាអំណោយពីធម្មជាតិ ដែលមិនត្រឹមតែជាទីបង្អែក សម្រាប់ការរស់នៅរបស់យើង ប៉ុណោះទេ ប៉ុន្តែកំជាផ្នែកមួយនៃការរឹតចំណងធម្មជាតិនៃការជួយយកអាសាគ្នាផងដែរ។ វាបានផ្សារក្លាប់ប្រទេសនានា ដែលហួបទឹកនៃទន្លេតែមួយឲ្យក្លាយ ជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយក និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ»។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តដាប់ដងទន្លេរបស់កម្ពុជាប៉ុណ្មោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្ត ទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ជាពិសេសដំរុញការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យទន្លេលើកទី៥នេះ «ទន្លេ៖ ផ្សារក្ជាប់សន្តិភាព ប្រជាជន និង ទេសចរណ៍»។
សម្តេចតេជោបន្ថែមថា ព្រឹត្តិការណ៍នេះក៌ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និង អភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គឺភាពរវាងបណ្តា ប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខណ្ឌតំបន់នានាដូចជា ក្រុបខណ្ឌមហាអនុតំបន់មេគង្គ មេគង្គ-ដប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។
សម្តេចតេជោ ហ៊ុន សែន ក៏បានអះអាងផងដែរថា រាជរដ្ឋាភិបាលនឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារឿងរាល់ឆ្នាំនៅតាមបណ្តាខេត្តជាប់ដងទន្លេ។ តាមរយៈការដាក់ចេញនូវគោលការណ៍ សបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍជលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងនាឆ្នាំនេះ មានស្ដង់ចូលរួមតាំងពិព័រណ៍ផលិតផលនានាសរុប ៣៩៥ស្ដង់ ក្នុងនោះមានស្ដង់បរទេសចំនួន ៤០ស្ដង់ផងដែរ។ ក្រៅពីការតាំងពិព័រណ៍ ក្នុងពិធីបុណ្យទន្លេនេះក៏មានសកម្មភាពកីឡា សិល្បៈ កម្សាន្តជាច្រើនទៀតផងដែរ។
សកម្មភាពកីឡា មានដូចជាកីឡារត់កម្សាន្ត កីឡាបាល់ទាត់ បាល់ទះ បាល់បោះ ចំបាប់បុរាណ (កីឡាគោល) ទាញព្រ័ត្រ វាយសី ប្រណាំងសេះ ជិះកង់ ជិះកង់កម្សាន្ត ប្រដាល់គុនខ្មែរ ប្រណាំងទូក និងក្បាច់គុនល្បក្កតោ។ សកម្មភាពសិល្បៈវិញរួមមាន៖ ល្ខោនយីកេរឿង «ពុទ្ធីសែន ឬឫទ្ធីសែន នាងកង្រី» សកម្មភាពរបាំ ចម្រៀង និងការសម្ដែងសិល្បៈរបស់ក្រុមសិល្បករឥណ្ឌូនេស៊ី។ ព្រមទាំងសកម្មភាពកម្សាន្តមួយចំនួនទៀត៕