(ភ្នំពេញ)៖ នៅដើមឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល បានបន្ដពង្រាយបុគ្គលិកសុខាភិបាល ទៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ឱ្យបានល្អប្រសើរប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ការផ្តល់សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាល ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ទន្ទឹមនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល នៅតាមមូលដ្ឋាន ឱ្យមានការកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ បុគ្គលិកសុខាភិបាល ក៏មានកំណើនឡើង នៅតាមជនបទជាបន្តបន្ទាប់ផងដែរ តាមរយៈការចាត់បញ្ជូនឱ្យទៅបំពេញការងារ នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងនោះ។
មកទល់ពេលនេះ មណ្ឌលសុខភាពទូទាំងប្រទេសមានសរុបចំនួន ១,២០៥, បុស្ដិ៍សុខភាពចំនួន ១២៩, មន្ទីរពេទ្យបង្អែកស្រុកចំនួន ៩៤, មន្ទីរពេទ្យបង្អែកខេត្ដ ២៥ ហើយមន្ទីរពេទ្យជាតិមាន តែ៩ប៉ុណ្ណោះ។ ដូច្នេះយើងពិនិត្យឃើញថា មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព មានរហូតដល់ទៅជិត១៤០០កន្លែងហើយ។ នេះបានបង្ហាញឲ្យឃើញថា ក្រោមការដឹកនាំរបស់រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានយកចិត្ដទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ នៅតាមទីជនបទ ដែលកំណត់គោលនយោបាយរបស់មន្ដ្រីរាជការ ជាង៧០ភាគរយ បានពង្រាយទៅថ្នាក់មូលដ្ឋានថ្នាក់ស្រុក ដោយទុកនៅមន្ទីរពេទ្យជាតិ ប្រហែលជាជិត៣០ភាគរយប៉ុណ្ណោះ ដោយមិនមានប្រមូលមន្ដ្រីនៅតែទីក្រុងនោះទេ។
ការពង្រាយបុគ្គលិកតាមថ្នាក់នៃប្រព័ន្ធសុខាភិបាលនាដើមឆ្នាំ២០១៩នេះ មានបុគ្គលិកសុខាភិបាលបម្រើការងារនៅថ្នាក់រាជធានីខេត្ត មានចំនួន១៩.៧១០ នាក់ ស្មើនឹង ៧៧,៤៨% នៃចំនួនបុគ្គលិកសុខាភិបាលសរុប (ដើមឆ្នាំ២០១៨មាន៧២.៩៩% ប៉ុណ្ណោះ )។
ក្នុងដំណើរការពង្រាយបុគ្គលិកសុខាភិបាលនេះ ក្រសួងសុខាភិបាល បានរៀបចំធ្វើផែនការជ្រើសរើសបុគ្គលិកប្រចាំឆ្នាំ ដើម្បីបំពេញមុខតំណែងទំនេរ តាមចំនួន និងជំនាញចាំបាច់ តាមតំរូវការសេវា ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ដោយផ្អែកលើនិយាមបុគ្គលិក ដែលមានកំណត់ ក្នុងសេចក្តីណែនាំស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់មន្ទីរពេទ្យបង្អែក និងសេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពអប្បបរមា សម្រាប់មណ្ឌលសុខភាពផងដែរ។
រាល់ការបែងចែកបុគ្គលិកសុខាភិបាល បន្ទាប់ពីបានជ្រើសរើសបញ្ចូលក្នុងក្របខណ្ឌ ឱ្យចូលបម្រើការងារប្រចាំឆ្នាំ ជានិច្ចកាលក្រសួង តែងតែផ្តល់អាទិភាព ឱ្យដល់មូលដ្ឋានសុខាភិបាល ដែលនៅតាមតំបន់ព្រំដែន និងតំបន់ជនបទឆ្ងាយៗពីទីប្រជុំជន។
ក្នុងការអនុវត្តផែនការក្របខណ្ឌនៅឆ្នាំ២០១៩នេះ ក្រសួងសុខាភិបាល ទទួលបានការឯកភាព ពីរាជរដ្ឋាភិបាល ឱ្យធ្វើការជ្រើសរើសបុគ្គលិកជំនាញវិស័យសុខាភិបាល ចំនួន១,៣០០នាក់ សម្រាប់បម្រើការងារនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដើម្បីបំពេញតំរូវការសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ។
ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល ដែលកំពុងធ្វើការនៅតំបន់ដាច់ស្រយាលជួបការលំបាក រាជរដ្ឋាភិបាលក៏បានឧបត្ថម្ភប្រាក់លើកទឹកចិត្ត (ប្រាក់តំបន់) ជារៀងរាល់ខែជាប់រហូតមក ដល់បុគ្គលិកសុខាភិបាលចំនួន៤,៣១៦នាក់ ដែលកំពុងបម្រើការងារ នៅតាមមណ្ឌលសុខភាព ចំនួន៥៧៦កន្លែង និងប៉ុស្តិ៍សុខភាពចំនួន៧៨ កន្លែង៕