(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ បានថ្លែងប្រាប់ទៅដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាចំនួន៥៨៤រូប ឲ្យចូលរួមបំពេញតួនាទី និងការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបម្រើប្រជាជនកម្ពុជា នៅតាមមូលដ្ឋានរៀងៗខ្លួន សំដៅធ្វើយ៉ាងណាឲ្យ ប្រជាជនរស់នៅដោយសុខសន្តិភាព និងមានសុវត្ថិភាព។
ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស បាន ធ្វើឡើងខណៈលោកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ចាត់តាំងអនុវត្តសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤១ អាណត្តិទី៥ របស់រាជធានីភ្នំពេញនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងពិធីនោះក៏មានការចូលរួមពីលោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២, លោក ឡុង ង៉ែត អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ព្រមទាំងសមាជិកសមាជិកាជិត៦០០រូបទៀត។
ជាមួយគ្នានោះ លោក ប៉ា សុជាតិវង្ស ក៏បានថ្លែងអំណរគុណ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងបំពេញការងារ និងតួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងការបម្រើប្រជាជនកម្ពុជាដោយមិនខ្លាចនឿយហត់។ លោក ប៉ា សុជាតិវង្ស បានបន្តថា ការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នានេះ ហើយទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅក្នុងកម្មវិធីនោះផងដែរ លោក ពេជ្រ កែវមុនី ក៏បានធ្វើបទបង្ហាញស្តីពីការផ្សព្វផ្សាយផែនការចាត់តាំងការអនុវត្តសេចក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
លោក ពេជ្រ កែវមុនី បានលើកឡើងថា នៅក្នុងខ្លឹមសារនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា ដែលជម្រាបជូនដោយ អភិបាលខណ្ឌមានជ័យ បានបញ្ជាក់ថា សន្និបាតនោះ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្តីសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខផងដែរ៕