(ភ្នំពេញ)៖ ការអនុវត្តគម្រោង «អ៉ីនត្រាណិត» បានធ្វើឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បោះជំហានមួយយ៉ាងលឿន ក្នុងការចាប់យកវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ដើម្បីជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ស្របតាមបរិការណ៍អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ក្នុងយុគនៃបដិវត្តឧស្សាហកម្មទី៤។ នេះជាការគូសបញ្ជាក់របស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ការគូសបញ្ជាក់របស់លោក ហ៊ាន សាហ៉ីប បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្នុងពេលអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការផ្គត់ផ្គង់គម្រោងអ៉ីនត្រាណិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រវាងក្រសួងសេដ្ឋកិច្ច និង ក្រុមហ៊ុន (Cambodia) Fiber Optic Communication Network Co., Ltd (CFOCN)។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានឲ្យដឹងថា កិច្ចសន្យាខាងលើនេះ មានវិសាលភាពគ្របដណ្តប់លើការផ្គត់ផ្គង់បណ្តាញអ៉ីនត្រាណិត (Intranet) នៅទូទាំងប្រទេសចំនួន ៣២០ការដ្ឋាន សម្រាប់ទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ស្ថាប័នពាក់ព័ន្ធនានា ក្នុងក្របខណ្ឌការងារលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍, ការពង្រឹងគុណភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ នៅក្រោមសមត្ថកិច្ចក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជូនដល់ស្ថាប័នរដ្ឋ ឯកជន និង ប្រជាពលរដ្ឋ។
«បណ្តាញនេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងសម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការជំរុញនូវលទ្ធភាព និង សមត្ថភាពក្នុងការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាអេឡិកត្រូនិក (E-Service) ការពង្រីកការប្រើ-ប្រាស់សេវា ឌីជីថល និង ការប្រើប្រាស់សម្រាប់ប្រព័ន្ធបច្ចេកវិទ្យាពត៌មាននានា រួមមានៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និង ប្រព័ន្ធច្រកចេញចូលតែមួយ, ប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យពន្ធដារ, ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និង ប្រព័ន្ធផ្សេងៗទៀត ដែលកំពុងអភិវឌ្ឍជាបន្តបន្ទាប់ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ»។ នេះជាការគូសបញ្ជាក់របស់លោក ហ៊ាន សាហ៉ីប។
សូមបញ្ជាក់ថា កិច្ចសន្យាផ្គត់ផ្គង់នេះមានរយៈពេល ២០ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០១៩តទៅ សម្រាប់ការប្រើប្រាស់បណ្តាញចាប់ពីឆ្នាំ២០២០ ដោយក្រុមហ៊ុនបានផ្តល់ជូន ២បណ្តូលនៃខ្សែកាប្លិ៍អុបទិកនៅក្រោមដី (2 Cores Fiber Optic) រួមទាំងឧបករណ៍ពាក់ព័ន្ធនានា សម្រាប់កិច្ចដំណើរការបណ្តាញតភ្ជាប់ទាំងមូល។
ក្នុងកិច្ចសន្យានេះ ក្រុមហ៊ុនបានផ្តល់តម្លៃពិសេសជូនក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយក្រុមហ៊ុនគិតតែថ្លៃសម្រាប់ចំណាយលើការថែទាំឧបករណ៍ និង ចំណាយប្រតិបត្តិការប៉ុណ្ណោះ ។ ដោយឡែកថ្លៃវិនិយោគលើខ្សែកាប្លិ៍អុបទិក ថ្លៃសម្ភារ បរិក្ខារពាក់ព័ន្ធ និងថ្លៃពលកម្មក្នុងការដំឡើងនានា ក្រុមហ៊ុនផ្តល់ជូនដោយឥតគិតថ្លៃ ដែលសរុបជាទឹកប្រាក់ប្រមាណ ២២ លានដុល្លារឤមេរិក។
លោកបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស៊ីហ្វុក (CFOCN) ដែលបានផ្តល់វិភាគទានដ៏ធំធេង សម្រាប់ការផ្គត់ផ្គង់សេវាបណ្តាញតភ្ជាប់បច្ចេកវិទ្យានេះ ជូនក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការពង្រឹងបន្ថែមការងារផ្តល់សេវាសាធារណៈ សម្រាប់វិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បង្កើនការតភ្ជាប់រវាងស្ថាប័នរដ្ឋ និង ឯកជន ក្នុងការផ្តល់សេវាពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅក្នុងដំណើរសម្រាប់ការអភិវឌ្ឍនៅកម្ពុជា និង បានជួយឱ្យរាជរដ្ឋាភិបាលកាត់បន្ថយចំណាយមួយចំនួនធំ សម្រាប់បណ្តាញតភ្ជាប់នេះ។
ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ក៏បានសំណូមពរទៅគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមផ្តល់កិច្ចសហការ និង សម្របសម្រួលការងារពាក់ព័ន្ធនានា ក្នុងពេលដំណើរការអនុវត្តគម្រោងនេះ៕