(ភ្នំពេញ)៖ ក្នុងគោលបំណង ចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់សង្គម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ ក្រុមគ្រួសារសពរបស់ឧបាសិកា ង៉ូវ ស៊ីវគីម ត្រូវជាកូនបង្កើត កូនប្រសារ ចៅបង្កើត និងចៅប្រសារ បាននាំយកថវិកា ៤៦,៧០៧ដុល្លារ ទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយដល់កុមារនៅកម្ពុជា។
លោកឧកញ៉ា លឹម ទាឡេង ដែលត្រូវជាកូនបង្កើតរបស់ ឧបាសិកា ង៉ូវ ស៊ីវគីម បានថ្លែងថា ថវិកាខាងលើនេះ បានពីការចូលបច្ច័យបុណ្យសពរបស់ឧបាសិកា ង៉ូវ ស៊ីវគីម ដែលបានទទួលមរណភាពនៅវេលាម៉ោង០៤៖៣៨នាទីល្ងាច ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដោយជរាពាធ ក្នុងជន្មាយុ៩០ឆ្នាំ។
លោកឧកញ៉ា លឹម ទាឡេង បានបន្តថា កាលម្តាយរបស់គាត់នៅមានជីវិត បានកសាងក្រុមគ្រួសារធំមួយ និងទទួលបានការគោរពរាប់អាន ពីញាតិមិត្តជិតឆ្ងាយជាច្រើន នៅក្នុងសង្គម។ ឧបាសិកា ង៉ូវ ស៊ីវគីម និងក្រុមគ្រួសារ ជានិច្ចកាលតែងតែចូលរួម ក្នុងសកម្មភាពជួយសង្គម ជាច្រើនដើម្បីកសាងអ្វីដែលជាប្រយោជន៍សម្រាប់សង្គមកម្ពុជាផងដែរ។
ដើម្បីបន្តអនុវត្តគំរូ ដ៏ល្អរបស់លោកយាយ ដែលធ្លាប់បានធ្វើ កាលដែលលោកយាយនៅមានជីវិតនៅឡើយ កូន កូនប្រសារ ចៅ ចៅប្រសារ ចៅទួត របស់ឧបាសិកា ង៉ូវ ស៊ីវគីម បានសម្រេចយកបច្ច័យបុណ្យសពរបស់លោកយាយ មកចូលរួមសកម្មភាព ជួយសង្គម តាមរយៈការជួយឧបត្ថម្ភ ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននឹងកំពុងតែជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងនោះ ក្រុមគ្រួសារនៃសពឧបាសិកា ង៉ូវ ស៊ីវគីម ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងបងប្អូនញតិមិត្រជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យ និងផ្ញើរសាររំលែកមរណទុក ដល់ក្រុមគ្រួសារនៃសព។ ដោយអំណាចផល្លានិសង្ឃ ដែលកើតពីសទ្ឋា ជ្រះថ្លារបស់ បងប្អូនញតិមិត្រជិតឆ្ងាយទាំងអស់ សូមឱ្យប្រកបនូវបញ្ញាស្មារតីមោះមុត ក្នុងការប្រកបការងារ ភារកិច្ចទាំងពួង ទៅតាមសេចក្តីប្រាថ្នារៀងៗខ្លួន និងសូមជួបប្រទះ ពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀនឃ្លាតឡើយ។
នៅក្នុងឱកាសនោះដែរឪពុកម្ដាយ អាណាព្យាបាលរបស់កុមារ ដែលនាំកូនមកពិនិត្យព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា បានសម្ដែងការសប្បាយចិត្ដយ៉ាងខ្លាំង ពេលឃើញមានសប្បុរសជនជាច្រើន បន្ដបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកូនរបស់ខ្លួន និងកុមារកម្ពុជា ដោយឥតគិតថ្លៃ។ ក្នុងឱកាសនោះផងដែរ អាណាព្យាបាលរបស់កុមារជាច្រើននាក់ទៀត ក៏បានបង្ហាញនូវក្ដីរំភើបសប្បាយរីករាយ នៅពេលដែលមានសប្បុរជនជាតិ-អន្ដរជាតិ បន្ដបរិច្ចាគថវិកាមកដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា៕